ព័ត៌មានជាតិ

បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ក្នុងអំឡុងពេល ដំណើរសំណេរ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡង ក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «បេក្ខជនដែលមានបញ្ហាសុខភាព ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម បានទទួលការជួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន»។

ក្រសួង បន្ដថា ដោយឡែកគណៈមេប្រយោគ និងក្រុមគ្រូពេទ្យក៏បានជួយសម្របសម្រួល ដើម្បីជួយដល់បេក្ខជនមួយរូបដែល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអាចចូលរួមប្រឡងបានផងដែរ។

ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

សូមបញ្ជាក់ថាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១នេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ធ្នូ មានមណ្ឌលប្រឡង ចំនួន២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡង ចំនួន១១៤១៨៣ ក្នុងនោះ ស្រី ចំនួន៦០៣៩៧នាក់ ដោយឡែក គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡង ចំនួន៣១៤៣២នាក់៕

To Top