ភ្នំពេញ៖ លោក ប៉េង សុភា (តូម៉ាតូ) ជាអ្នកសារព័ត៌មានមួយរូប បានអំពាវនាវ ក្រសួងព័ត៌មាន, ក្លឹបអ្នកកាសែតកម្ពុជា, សមាគមវិទ្យុ, សមាគមទូរទស្សន៍, សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងបណ្តាសមាគមសារព័ត៌មាន ផ្សេងទៀតជួយឃ្លាំមើលពីសុវត្ថិភាពអ្នកសារព័ត៌មាន នៅពេលចុះយកព័ត៌មានកូដកម្ម ឬបាតុកម្ម។
ការអំពាវរបស់លោកនេះ បន្ទាប់ពីរូបលោកចុះបានចុះធ្វើព័ត៌មានស្តីពីកូដកម្ម ទាមទាររបស់បុគ្គលិក ណាហ្គាវើលដ៍ ហើយត្រូវបាន ជនមិនស្គាល់អត្តសញ្ញាណម្នាក់ លួចថតរូបលោក ក្នុងចេតនាអាក្រក់ណាមួយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកតូម៉ាតូ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ ប៉េង សុភា (តូម៉ាតូ) លេខអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (០១០៣៦៩៦៩២)
មានមុខរបរចឹញ្ចឹមជីវិតក្នុងអាជីពជាអ្នកវិទ្យ និងជាអ្នកសារព័ត៌មាន ជាង ២០ឆ្នាំ និងជាទីភ្នាក់ងាររាយការព័ត៌មានភាសាថៃ ទៅប្រទេស ថៃ ប្រមាណជាង ១០ឆ្នាំ ធ្លាប់បានជួបហេតុការណ៍ជាច្រើននៅពេលចុះធ្វើព័ត៌មាន ដូចជា ជម្លោះព្រំដែន តំបន់ការពារតឹងរឹង និងតំបន់ហាមឃាតផ្សេងៗ មិនមានអារម្មណ៍ភ័យខ្លាចដូចការចុះធ្វើព័ត៌មានស្តីពីកូដកម្ម ទាមទាររបស់បុគ្គលិក ណាហ្គាវើលដ៍ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦ល្ងាច »។
លោកបន្តថា នៅពេលកំពុងបំពេញការងារមានបុគ្គលម្នាក់(មិនស្គាល់ឈ្មោះ) ដើរតួនាទីជាសន្តិសុខការពារក្រុមកូដករនៃបុគ្គលិកណាហ្គាវើលដ៍ កំពុងធ្វើកូដកម្ម បានលួចថតរូបខ្ញុំ ព្រមទាំងខ្ញុំមានពាក់កាតសម្គាល់ខ្លួន (ប័ណ្ណសារព័ត៌មានទទួលស្គាល់ពីក្រសួងព័ត៌មាន) ត្រឹមត្រូវ។ នៅពេលខ្ញុំដើរទៅសួរនាំគាត់ និងឱ្យគាត់ថតកាតសម្គាល់ព័ត៌មានរបស់ខ្ញុំដើម្បីកុំឱ្យមានការសង្ស័យណាមួយកើតឡើងសម្រាប់រូបខ្ញុំ បែជាគាត់មិនស្តាប់មិនថត រួចដើរគេចខ្លួនចូលទៅក្នុងហ្វូងកូដករបាត់ ដោយគាត់បានហៅវិទ្យុទាក់ទងឱ្យក្រុមការងារគាត់មកឈរជើងជំនួសទីតាំងគាត់ទៅវិញ។
លោកបញ្ជាក់ថា «ការលួចថតរូបខ្ញុំដោយមិនដឹងពីគោលបំណងពិតប្រាកដ ខ្ញុំពិតជាមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនយ៉ាងខ្លាំង»។
លោកបន្ថែមថា ក្នុងនាមខ្ញុំបាទជាអ្នករាយការណ៍ព័ត៌មានជនជាតិខ្មែរម្នាក់ពិតជាមានការភ័យខ្លាចពីសុវត្ថិភាពពេលចុះយកព័ត៌មានកូដកម្ម ឬបាតុកម្ម និងសូមអំពាវនាវដល់ក្រសួងព័ត៌មាន, ក្លឹបអ្នកកាសែតកម្ពុជា, សមាគមវិទ្យុ, សមាគមទូរទស្សន៍, សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងបណ្តាសមាគមសារព័ត៌មានផ្សេងទៀតជួយឃ្លាំមើលពីសុវត្ថិភាពអ្នកសារព័ត៌មាននៅពេលចុះយកព័ត៌មានកូដកម្ម ឬបាតុកម្ម៕