ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា នឹងមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។
តាមរយៈសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី២៨ ធ្នូនេះ ក្រសួងធនធានទឹក បញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោ មដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសាន បក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
ដោយឡែកតំបន់មាត់សមុទ្រ មានអាកាសធាតុត្រជាក់ លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រ ក៏មានកម្ពស់ជាមធ្យមផងដែរ ៕