ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទម្នាក់ អោយជាប់ក្នុងពន្ធនាគារ កំណត់១១ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយ ច្របាច់ នារីរងគ្រោះម្នាក់ ដែលត្រូវជាគូស្នេហា បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅក្នុងផ្ទះសំណាក់ យីហោ “ប៉ាអ៉ី ម៉ាក់អ៉ី” បន្ទប់លេខ ២០៤ នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនតាកែវ ខេត្ត តាកែវ កាលពីអំឡុងឆ្នាំ ខែ មីនា ឆ្នាំ ២០១៩ ។
លោក ប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សុខ ចាន់លីដា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ អ្នកលក់ទូរស័ព្ទ មានទីលំនៅ ក្រុងដូនកែវ ខេត្តតាកែវ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឃិន ចន្តា ភេទ ស្រី អាយុ ២១ឆ្នាំ មុខរបរជានារីបម្រើស្រាបៀរក្នុងហាងខារ៉ាអូខេ យីហោ “ជុំមិត្ត” មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ សុខ ចាន់លីដា ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១១ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ៥ លានរៀល ។
តែជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទ ឈ្មោះ សុខ ចាន់លីដា ត្រូវបានជាប់ចោទពីបទ ” ឃាតកម្ម ” តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ ” ប៉ាអ៊ី ម៉ាក់អ៊ី ” នៅក្នុងចំណុចកើតហេតុ ខាងលើ។
នាពេលសវនាការ នាពេលកន្លងមក,
ជនជាប់ចោទ ឈ្មោះ សុខ ចាន់លីដា បានឆ្លើយបដិសេធ ចំពោះការចោទ រូបគាត់ខាងលើ និង និយាយថា គាត់ មិនបានសម្លាប់ជនរងគ្រោះទេ។
សុខ ចាន់លីដា និយាយថា ជនរងគ្រោះ គឺត្រូវបានសម្លាប់ដោយសារតែជម្ងឺប្រចាំកាយរបស់នាង គឺ ជម្ងឺឆ្កួតជ្រូក។
សុខ ចាន់លីដា និយាយថា ពេលកើតហេតុនេះ គឺ ជនរងគ្រោះ មានជម្ងឺ ឆ្កួតជ្រូក ដែលជម្ងឺប្រចាំកាយ តាំងពីកំណើត រួច ក៏ខាំអណ្ដាតខ្លួនឯង នៅក្នុងបន្ទប់ ខណៈដែលដែលពួកគេ កំពុងតែចាប់ផ្ដើមផ្តើម រួមភេទនឹងគ្នា នៅពេលនោះ។
គាត់បានបន្ថែម ថា នៅពេលជនរងគ្រោះ កំពុងតែកើតជម្ងឺឆ្កួតជ្រូកនោះ, ខ្លួនក៏បានខិតខំជួយសង្គ្រោះនាងដែរ តែ អកុសល នាង ក៏ត្រូវបានស្លាប់នៅកន្លែងកើតហេតុ ទៅ។ ហើយ សាច់ជាតិរបស់ជនរងគ្រោះ និង សមត្ថកិច្ចនគរបាល ក៏បានចោទ ថា គាត់ជាអ្នកសម្លាប់ ជនរងគ្រោះ និង ចាប់ខ្លួន គាត់។
ឈ្មោះ សុខ ចាន់លីដា បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ មេតា្តជួយ ជួយរកការពិត និង យុត្តិធម៌ ដល់រូបគាត់ផង ពីព្រោះ គាត់មិនបានសម្លាប់ជនរងគ្រោះ ដូចការចោទប្រកាន់នោះទេ៕
ដោយ: រស្មី អាកាស