ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុល ក្រសួងការពារជាតិ ជំពាក់ជាង២លានដុល្លារ ឬលុបពាក់កណ្តាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារដែរ? ។

ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន ក្រោយពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានស្នើសុំមកកាន់សម្តេចតេជោ លុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង ២លានដុល្លារ) ព្រោះការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះមានតម្រូវការ ច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានឆ្លើយតបវិញថា «តើអគ្គិសនីកម្ពុជា មានលទ្ធភាពលុបបំណុលជាង៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារនេះទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ៧០ភាគរយ? ក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ»។

សម្ដេចតេជោបន្ដថា «ប៉ុន្ដែខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ តែមានរឿងមួយ ដែលខ្ញុំត្រូវទាមទារមកវិញ ខ្ញុំនឹងចេញបញ្ជា ដើម្បីឲ្យពិនិត្យអំពីបញ្ហាការរៀបចំ ដើម្បីនឹងបន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការកសាងអាគារនេះមួយ (អាគារ ក្រសួងការពារជាតិ) តើតម្រូវការនៃការកើនឡើងប៉ុណ្ណា? នេះជាចំណុចរបស់យើង»។

សម្ដេចតេជោបន្ដថា ពេលមុនការប្រើប្រាស់អគ្គិសនី ត្រឹមតែ៣០មេកាវ៉ាត់ នៅទីក្រុងភ្នំពេញ ឥឡូវនេះទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនី ច្រើនជាង៣០មេកាវ៉ាត់ ដោយសារទីក្រុងភ្នំពេញ មានការរីកចម្រើនខ្លាំង ប៉ុន្ដែបើដាក់ការសន្សំចៃ ក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័ន គឺអាចមានចំណែកសន្សំចៃ នូវថវិកាទាំងនោះ។

លើសនេះទៀត សម្ដេចតេជោ ក៏បានអំពាវនាវដល់កងកម្លាំងយោធា ត្រូវប្រើប្រាស់អគ្គិសនីសន្សំចៃ ៕

To Top