ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារព្រមានទុកជាមុនទៅក្រុមមនុស្សដែលនៅតែប៉ុនប៉ង់មានគំនិតអាក្រក់លើកម្ពុជាជាពិសេសរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្គថា អ្នកណាក៏ដោយឲ្យតែប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនឹងចាត់ការកម្ទេចចោលភ្លាមៗ មិនទុកយូរទេ ហើយក៏មិនអនុញ្ញាតឲ្យបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ។
សម្តេចតេជោជាថ្មីម្តងទៀត ក៏បានបញ្ជាឲ្យមេទ័ព មេប៉ូលីស ត្រូវធ្វើការបង្ក្រាបរាល់សកម្មភាពណា របស់ក្រុមប្រឆាំងដែលនៅតែមានមហិច្ចតាចង់ធ្វើបដិវត្តន៍ ហើយថា បើមេទ័ព និងមេប៉ូលីសបង្ក្រាបមិនបានទេ ដកក្រវាត់ចោលតែម្តង ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាបដិវត្តពណ៌ នៅលើលោកនេះមិនទាន់ចប់ឡើយ ហើយក៏មានការជំរុញកាន់តែខ្លាំងៗផងដែរ។ សម្ដេចថា ដើម្បីយកឈ្នះបដិវត្តពណ៌បានមានតែវិធីសាស្ដ្រមួយគត់ គឺកាន់កាប់ក្តោបកម្លាំងប្រដាប់អាវុធឲ្យជាប់។
សម្ដេចតេជោបញ្ជាក់ថា «យើងទទួលស្គាល់អព្យាក្រឹត្យភាពនៃកម្លាំងប្រដាប់អាវុធ និងកម្លាំងស៊ីវិល ចំពោះមុខគណបក្សនយោបាយ។ ប៉ុន្ដែយើងមិនអាចអព្យាក្រឹត្យ កម្លាំងប្រដាប់អាវុធ រដ្ឋបាលស៊ីវិលរវាង រដ្ឋាភិបាល ជាមួយនឹងបក្សនយោបាយបានទេ សុំចាំកន្លែងហ្នឹង។ ពួកគេអាចធ្វើឈ្នះកន្លែងមួយចំនួន ប៉ុន្ដែមិនអាចធ្វើឈ្នះនៅកន្លែងកម្ពុជាបានទេ ដោយសារអ្វី? បទពិសោធន៍នេះ ត្រូវចង់ចាំ និងបន្ដធ្វើទៅមុខ យើងត្រូវអព្យាក្រឹត្យ ចំពោះមុខបក្សនយោបាយទាំងអស់ យើងការពារឲ្យដូចៗគ្នា»។
សម្ដេចតេជោ លើកឧទាហរណ៍ថា កម្លាំងប្រដាប់អាវុធ ត្រូវការពារគ្រប់គណបក្សនយោបាយ ទាំងចុះជួបប្រជាពលរដ្ឋ និងពេលឃោសនាបោះឆ្នោត។ សម្ដេចថា កម្ពុជា ជាប្រទេសប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានបាវចនាចំនួន៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូចច្នេះ សម្ដេច ផ្តាំទៅទាហានទាំងអស់ ត្រូវប្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រឲ្យបានជាដាច់ខាត ពីការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថអង្គព្រះមហាក្សត្រ ហើយមិនអាចលើកលែងបានឡើយ។
សម្ដេចតេជោបន្ថែមថា «អ្នកឯង មិនចង់ឲ្យខ្ញុំបញ្ជាទ័ព អ្នកឯកចង់ដកសិទ្ធិខ្ញុំ ដែលនិយាយអំពីនាយករដ្ឋមន្ដ្រី ពាក់អាវទាហាន បញ្ជាទាហាន ខ្ញុំធ្វើតាមក្របខណ្ឌរដ្ឋធម្មនុញ្ញ អ្នកណាក៏ដោយដែលប៉ះរដ្ឋធម្មនុញ្ញ កម្លាំងប្រដាប់អាវុធត្រូវកម្ទេចចោល មិនថា មកពីខាងណាទេ ត្រូវធ្វើសកម្មភាពភ្លាមៗបំផ្លាញចោល អត់មានឲ្យអ្នកឯងបង្កើតបដិវត្តពណ៌ រញ៉េរញ៉ៃ ចំណុចស្នូលនៃមេបដិវត្តពណ៌ ត្រូវក្ដាប់ស្នូលរកវានៅកន្លែងណា ចំណុចស្នូលរបស់វា គឺធ្វើអព្យាក្រឹត្យ កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល»។
សម្ដេចតេជោបន្ដថា មេទ័ព ឬមេទាហានណា មិនធ្វើសកម្មភាពទប់ស្កាត់ចលនាបដិវត្តន៍ ត្រូវតែដកចេញពីតំណែង។ សម្ដេចថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំទាំងយប់ទាំងថ្ងៃ ទាមទារឲ្យសម្តេច ចុះចេញពីតំណែង ក្រោយពេលជាប់ឆ្នោតនាឆ្នាំ២០១៣មានន័យថា «បដិវត្តពណ៌»។ សម្ដេចមិនបណ្តែតបណ្តោយឲ្យនរណាធ្វើបដិវត្តពណ៌ នៅលើដែនដីដ៏កំសត់មួយនេះឡើយ ៕