ព័ត៌មានជាតិ

ប្រេសិតពិសេសរបស់ អគ្គលេខាធិការយូអិន បង្ហាញបំណងសហការជាមួយកម្ពុជា គាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២៨ ធ្នូ លោកស្រីបណ្ឌិតNoeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា សម្តែងនូវបំណងសហការ ជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមាន ដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះដែរ លោកស្រី Noeleen Heyzer បានអបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ 

បេីតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២៩ ធ្នូ បានបញ្ជាក់ថា “ក្នុងជំនួបនេះដែរលោកស្រីបណ្ឌិតNoeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។ 

លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួន សហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្រ្ត ស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។ 

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារ ក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេស របស់ប្រធានអាស៊ានមុន ។

លោក ប្រាក់ សុខុន និងលោកស្រី Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយ ក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំ ដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ 

ភាគីទាំងពីរបានសង្កត់ធ្ងន់ លើភាពចាំបាច់បន្ទាន់នៃ កិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឲ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវ ជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ៕

To Top