ភ្នំពេញ ៖ ជនត្រូវចោទប្រុស-ស្រីចំនួន៥នាក់ កាលពីថ្ងៃ ទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីៅភ្នំពេញ សម្រេចឃុំខ្លួន នៅក្នុង ពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរងចាំ ស៊ើបអង្កេតបន្ថែម និង ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធសង្ស័យ រួមគំនិតគ្នា ប្លន់យកទូរស័ព្ទដៃចំនួន ១គ្រឿង ម៉ាក iPhone Plus ពណ៌មាស ពីស្រ្តីរងគ្រោះ ម្នាក់ ឈ្មោះ សុខ ម៉ារ៉ាឌី អាយុ២៧ឆ្នាំ ប្រព្រឹត្ត កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២និង៣០នាទីរំលងអធ្រាត្រ នៅចំណុចច្រកជណ្ដើរផ្ទះលេខ ៦៦E២ ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
យោងតាមរបាយការណ៍ របស់មន្រ្តីនគរបាល អធិការដ្ឋាននគរបាលខណ្ឌដូន បានអោយដឹងថា ជនត្រូវចោទទាំង៥នាក់នេះ មានឈ្មោះ ៖
ទី១-ឈ្មោះ ធី ពៅ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៦E៤ ផ្លូវលេខ ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ។
ទី២-ឈ្មោះ ឡុង តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវលេខ ៨១ ភូមិ៨ សង្កាត់ផ្សារថ្មីទី២ ។
ទី៣-ឈ្មោះ ឡុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវលេខ ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២។
ទី៤-ឈ្មោះ នួន សុភត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ និង ទី៥-ឈ្មោះ ប្រាក់ សុភាព ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៦៦E៤ ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ។
ពួកគេត្រូវបានជាប់ចោទពីបទ«សមគំនិតក្នុងអំពើលួច មានស្ថានទម្ងន់ទោស» និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ តាមបណ្តឹងរបស់ ស្ត្រីរងគ្រោះ៕
ដោយរស្មី អាកាស