ព័ត៌មានជាតិ

រាជរដ្ឋាភិបាល លើកលែងពន្ធនាំចូល រថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧គ្រឿង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យលើកលែងពន្ធនាំចូល ដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន ៧៥៧គ្រឿង របស់ក្រសួងមហាផ្ទៃ។

ការលើកលែងពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅលើសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្តេច ឯកឧត្ដមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧គ្រឿង របស់ ក្រសួងមហាផ្ទៃ ដែលបាននិងកំពុងប្រើប្រាស់ នៅតាមបណ្តា អង្គភាពចំណុះ ក្រសួងមហាផ្ទៃ ដូចមានក្នុង តារាងភ្ជាប់មកជាមួយ»៕

To Top