ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញ ដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូត នៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ បើទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច។

សម្តេចបានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់ នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយ ឲ្យបរទេសស្គាល់កម្ពុជាបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយ មានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ២០២២នេះ ក្នុងឱកាសអនុញ្ញាតឲ្យ ឯកអគ្គរាជទូតកម្ពុជាចំនួនបីរូប ដែលទើបត្រូវបានរាជ រដ្ឋាភិបាលតែងតាំងឲ្យបំពេញ បេសកកម្មការទូតនៅតាមប្រទេសមួយចំនួន ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចាកចេញពីមាតុប្រទេសទៅបំពេញ បេសកកម្មនៅតាមប្រទេសជាមិត្ត។

ឯកអគ្គរាជទូតដែលចូលសម្តែងការគួរសម និងជម្រាបលាសម្តេច នាឱកាសនោះមាន លោក ទុយ រី ជាឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន លោក កែវ ឈា ជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងលោក ផន ពៅ ជាឯកអគ្គរាជទូតប្រចាំ សាធារណរដ្ឋហ្វីលីពីន ៕
