ព័ត៌មានជាតិ

មន្ត្រីនគរបាលធ្វើខុសវិន័យលើសពី ២ដងនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ

ភ្នំពេញ៖ ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានព្រមានចំពោះមន្ត្រីនគរបាលណាមិនបំពេញតួនាទី ភារកិច្ចរបស់ខ្លួន នឹងចាត់ការតាមវិន័យត្រូវ ដកហូតមុខតំណែង ឬបណ្ដេញចេញពីក្របខណ្ខនគរបាលបើសិនជាទទួលការព្រមាន ២ដងហើយនៅមិនរាងចាល។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ។


ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យបានថ្លែងថា នឹងធ្វើការត្រួតពិនិត្យកម្លាំងតាមការិយាល័យជាក់ស្ដែង ដើម្បីរកឱ្យឃើញពីកម្លាំងដែលអសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក៏ព្រោះតែមានការឃុបឃិតគ្នាជាមួយថ្នាក់ដឹកនាំការិយាល័យ ចេញប្រកបរបរខាងក្រៅដោយមិនបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។


ឧត្ដមសេនីយ៍ទោបន្តថា ប្រសិនបើរកឃើញថាមានមន្ត្រីណាមួយមានភាពអសកម្ម នាយការិយាល័យនោះត្រូវទទួលខុសត្រូវចំពោះមុខស្នងការ ក៏ដូចជាអគ្គស្នងការនគរបាលចាតិ។


ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជាក់ថាចំពោះមន្ត្រីដែលបាត់មុខហើយនាយការិយាល័យមិនដឹងមូលហេតុ បើយោងតាមវិន័យលេខ០០៦ ប្រការទី៨ អំពីការដាក់ទណ្ឌកម្ម ត្រង់ចំណុចគ.១ ត្រូវដាក់ទណ្ឌកម្មអប់រំព្រមានចំពោះមន្ត្រីនគរបាលជាតិណាដែល អវត្ដមានចាប់ពី ៣ថ្ងៃដល់ ៧ថ្ងៃ មិនគោរពម៉ោងទៀងទាត់ ស្រវឹងក្នុងម៉ោងបំពេញការងារ ស្លៀកពាក់ឯកសណ្ឋានមិនត្រឹមត្រូវតាមការកំណត់ មិនគោរពអនុវត្ដតាមបញ្ជាមេកើយ។

ចំណុចគ.២ ត្រូវដាក់ទណ្ឌកម្មបន្ថយឋានន្ដរស័ក្ដិ ឬបណ្ដេញចេញពីអង្គភាព ត្រូវដកហូតមុខតំណែង ឬបណ្ដេញចេញពីក្របខណ្ឌនគរបាលចំពោះមន្ត្រីនគរបាលរូបណាដែល ទទួលការព្រមានចំនួន ២ដងរួចហើយនៅតែមិនព្រមរាងចាល៕

To Top