បច្ចេកវិទ្យា

ប្រយ័ត្ន! កម្មវិធីមេរោគ RedLine កំពុងត្រូវបានចែកចាយ តាមរយៈកម្មវិធី Excel របស់ក្រុមហ៊ុន Microsoft

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបាន រកឃើញកម្មវិធីមេរោគ RedLine ដែលអាចលួចយកលេខសម្ងាត់ របស់អ្នកប្រើប្រាស់ពីកម្មវិធី សម្រាប់ចូលទៅក្នុងគេហទំព័រ (web browsers) ល្បីៗ មួយចំនួនមានដូចជា Google Chrome, Opera, Naver Whale, និង Microsoft Edge។

កម្មវិធីមេរោគ RedLine ត្រូវបានពួកគេរកឃើញថា មានដាក់លក់នៅក្នុងទីផ្សារងងឹត ត្រឹមតែតម្លៃប្រហែល ២០០ដុល្លារអាមេរិកនោះ អាចឱ្យក្រុមជន ខិលខូចប្រើកម្មវិធីនេះ ដើម្បីលួចទាញយកលេខសម្ងាត់ ដែលបានរក្សាទុកនៅក្នុងកម្មវិធី សម្រាប់ចូលទៅក្នុងគេហទំព័រ ។
ក្រៅពីលួចទាញ យកលេខសម្ងាត់ ដែលបានរក្សា ទុក នៅក្នុងកម្មវិធី មេរោគនេះក៏អាចធ្វើកំណត់ សម្គាល់ទៅលើគេហទំព័រណាដែល អ្នកប្រើប្រាស់ បានចូលទៅមើល ប៉ុន្តែមិនបានរក្សា ទុកលេខសម្ងាត់ ដើម្បីពួកគេអាចប្រើវិធី សាកល្បងស្មានលេខសម្ងាត់ (credential stuffing) ដែលពួកគេទាញយក ពីគេហទំព័រមួយចំនួនទៀត ។

មេរោគប្រភេទនេះ គឺជាការគំរាមកំហែង ផ្នែកសុវត្ថិភាព ក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា ដែលប៉ះពាល់ដល់ស្ថាប័ន ក្រុមហ៊ុន ក៏ដូចជាអ្នក ប្រើប្រាស់ទូទៅ ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការ ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំទាញ យក ឬបើកឯកសារណា ដែលមិនមានប្រភព ច្បាស់លាស់ ។ ម្យ៉ាងវិញទៀត លោកអ្នកក៏គួរតែ ចៀសវាងរក្សាទុកលេខសម្ងាត់ នៅក្នុងកម្មវិធី web browsers ៕

To Top