ព័ត៌មានជាតិ

ស្ថិតក្នុងស្ថានភាព​ កំពុងជួបកូវីដ យ៉ាងណា តែការកសាងស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ នៅតែបន្តធ្វើ សម្រេចជាង៩២%

ភ្នំពេញ ៖ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បានអូសបន្លាយពេលជិត២ឆ្នាំ​នៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា នៅតែដំណើរការជាធម្មតា ជាក់ស្តែងសម្រាប់រាជធានីភ្នំពេញ ការកសាងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូល ចោមចៅ ដំណើរការជាធម្មតា ដោយរហូតមកដល់ពេលនេះ បានស្ថាបនារួចរាល់ នៃចំណែកខ្លះហើយ ពោរសម្រេចបានប្រមាណ ជា៩២% ។ ដោយបានដាក់ឲ្យដំណើរការ ជូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ផងដែរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈតំបន់នេះមានការ កកស្ទះយ៉ាងខ្លាំង ។

នេះជាការយកចិត្តទុកដាក់មួយ របស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានន័យថា បើទោះបីដៃម្ខាង ទប់ស្កាត់ជំងឺកូវីដ-១៩ តែដៃម្ខាងទៀត នៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើឲ្យផលប្រយោជន៍សាធារណៈ នៅក្នុងរាជធានីភ្នំពេញ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃ៣០ ធ្នូ បញ្ជាក់ថា បានបើកឲ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ធ្នូ ។ ស្ពានកំណោងថ្មីនេះ មានប្រវែង ២០០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោមចៅឡើង លើស្ពានអាកាសកំណោង រួចបត់ឆ្វេងតទៅភ្ជាប់ចរាចរ ឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ។

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញទៀតថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ការដ្ឋានសាសង់ សម្រេចបានលទ្ធផល ៩២% គ្រោងនឹងបញ្ចប់ការ សាងសង់ នៅខែមីនា ឆ្នាំ២០២២ ខាងមុខ ។ មកដល់ពេលនេះ បានដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម៨ខ្សែ នៃគម្រោង ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ ខែនិងចំណាយថវិកាប្រមាណ២២លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេស របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក គឺស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មាន ប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លង ទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមា អាចចរាចរក្រោមស្ពាន៥,៥ម៉ែត្រ។ ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។

ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញ បរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ ជាផ្លូវការកាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top