ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស ស្រ្តីជាប់ចោទ ជនជាតិ វ៉េណេស៊ុយអេឡាម្នាក់ ដាក់គុក ៣០ ឆ្នាំ ពាក់ព័ន្ធការជួញដូរ គ្រឿងញៀនឆ្លងដែន ជិត១គីឡូកន្លះ

ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី៥ ខែ មករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា និង តម្កល់ទោស ស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡាម្នាក់
ជាប់គុកពន្ធនាគារ កំណត់ ៣០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូនគ្រឿងញៀន ប្រភេទកូកាអ៉ីន ចំនួនជិត១គីឡូកន្លះ ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តកាលពីអំឡុង ខែ កញ្ញា ឆ្នាំ ២០១៦ ។

លោកអឿង សៀង ជាចៅក្រម តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Adelys Paola Loupez Alviarez ភេទ ស្រី អាយុ ២៨ ឆ្នាំ ជាជនជាតិ វ៉េណេស៊ុយអេឡា។

ជនជាប់ចោទ ឈ្មោះ Adelys Paola Loupez Alviarez ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៨ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ពីបទ: ជួញដូរ និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

តែនាងបានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានសម្រេចតម្កល់ទោស របស់នាងរក្សាទុកនៅដដែល។

នាង ក៏បានសម្រេចប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាតិចោទ ឈ្មោះ Adelys Paola Loupez Alviarez ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន ថ្នាំញៀន ប្រភេទកូកាអ៉ីន ទម្ងន់សរុប ១ ៤៤៩, ៤៣ ក្រាម៕

ដោយ រស្មី អាកាស

To Top