ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ បានបើកសវនាការ ជំនុំជម្រះ លើសំណុំរឿង បុរសជាប់ចោទ ចំនួន២ នាក់ ក្នុងនោះ ជនជាប់ចោទម្នាក់ គឺជា អតីតយោធាផ្កាយ២ នៅក្រសួងការពារជាតិជាប់ ពាក់ព័ន្ធនឹងបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ដែលត្រូវបានប្តឹងផ្តល់ ដោយពាណិជ្ជករ ម្នាក់ ដែលជាអតីតដៃគូ រកស៊ីជាមួយគ្នា ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២០។
លោកចៅក្រមធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទទាំង២នាក់ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ ជសអតីតមន្ត្រីយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ៣១០អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ)។ និង ទី២-ឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រីឯ ភាគីដើមចោទ មានឈ្មោះ កើត ខេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាអាជីវករ មានទីលំនៅ នៅរាជធានីភ្នំពេញ ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមាន បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ ៣១១ នឹងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម លើសំណុំរឿងក្តីខាងលើនេះ នៅព្រឹកថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២២។
គួររំលឹកថា ក្រៅពីសំណុំរឿងក្តីខាងលើនេះ, ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ក៏ នៅជាប់ពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ ឌួង ហេម៉ាលីស ដែលត្រូវជាអតីតគូស្នេហ៍របស់គាត់ ដែលបានប្តឹង គាត់ ពីបទ« ហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ »៕
ដោយ រស្មី អាកាស