ព័ត៌មានជាតិ

ព្រះសង្ឃ សិស្សានុសិស្ស និងតាលោក លោកយាយ អញ្ជើញ គោរពវិញ្ញាណក្ខន្ធពលរដ្ឋដែលសម្លាប់ រង្កោលក្នុងរបប ប៉ុលពត

ភ្នំពេញ: នាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ព្រះសង្ឃ លោកតាលោកយាយ អ៊ំពូមីងសិស្សានុសិស្ស រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំខណ្ឌដង្កោ បានអញ្ជើញចូលរួពិធីគោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបប៉ុលពត ។

នៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធនាថ្ងៃទី 5 ខែមករា ឆ្នាំ 2022 យុវជនឈ្មោះ អែម ស្រីនីត យុវជនភូមិខ្វា បានរៀបរាប់ថា នាងខ្ញុំបានមកចូលរួមនៅក្នុងថ្ងៃនេះ គឺដើម្បីចូលរួមគោរពនូវវិញ្ញាណក្ខន្ធ បុព្វបុរស យុទ្ធជន យុវនារីតាលោកយាយ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។

ក្នុងនាមខ្ញុំជាយុវជន មិនចង់ស្គាល់មិនចង់ឮទៀតទេ នៅបបឃោឃៅយុងខ្នង ដែលសម្លាប់មនុស្សយ៉ាងរង្គាលគ្មានញញើតដៃមិនថាព្រះសង្ឃ មនុស្សចាស់ ក្មេង។

កញ្ញា អែម ស្រីនីត បានលើកឡើងទៀតថា តែទោះជាយ៉ាងណា ថ្ងៃ៧មកគឺជាថ្ងៃដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ត្រូវបានរំដោះចេញរបបឃោឃៅយុងខ្នងមួយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានស្វែងរកសន្តិភាពអោយប្រជាជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា ជនរងគ្រោះដែលគេបានយកមកសម្លាប់ នៅជើងឯកជិត២ម៉ឺននាក់ ។ ឯកសាររបស់មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក បានពិពណ៌នាថា ការសម្លាប់រង្គាលមនុស្សក្នុងរបបខ្មែរក្រហមនេះ គឺជាឋាននរកប្រចាំសតវត្សរ៍ទី២០។ ពីឆ្នាំ១៩៧៦-១៩៧៨ មានកសិករ មន្រ្តី ទាហាន បញ្ញវន្ត អង្គទូត ជនបរទេស ជាពិសេសកុមារ និងស្ត្រីប្រមាណជិត ២ម៉ឺននាក់ ត្រូវបានគេសម្លាប់នៅក្នុងតំបន់បឹងជើងឯក។ ក្នុងនោះ មានជនជាតិអឺរ៉ុបចំនួន ៩នាក់ផងដែរ។ កម្មាភិបាល ទាហានខ្មែរក្រហម ប្រជាជនដែលត្រូវគេចោទថា បានក្បត់អង្គការ ត្រូវបញ្ជូនពីគុកទួលស្លែង មកសម្លាប់ទាំងដៃជាប់ចំណង និងមានក្រណាត់ចងរុំមុខផង។

នៅតំបន់ជើងឯក រកឃើញរណ្ដៅសាកសពប្រមាណ ១២៩រណ្ដៅ ដែលជីកកាយតាមមាត់ស្រះស្ថិតប្របនឹងមាត់បឹងជើងឯកនៅឆ្នាំ១៩៨០។ ប៉ុន្តែកាលនោះ គេគាស់កកាយបានតែ ៨៦រណ្ដៅប៉ុណ្ណោះ ដែលមានសាកសពចំនួនប្រមាណ ៨.៩៨៥នាក់។

ក្នុងនោះដែរ គេឃើញរណ្ដៅកប់សាកសពរួមធំមួយដែលមានចំនួន ៤៥០នាក់។ ក្រៅពីនេះ មានរណ្ដៅសាកសពសម្រាប់ស្ត្រី និងកុមារចំនួន ១០០នាក់ ស្ថិតនៅជាប់នឹងដើមអំពិលបារាំង ឬដើមច័ន្ទគិរី ប៉ែកខាងក្រោយមណ្ឌលពិឃាដមនុស្សបឹងជើងឯក ដែលសាកសពក្មេងៗទាំងនោះ ពេជ្ឈឃាដសម្លាប់ដោយបោកនឹងគល់ឈើ ៕

To Top