ព័ត៌មានជាតិ

លោក កឹម សុខា ស្កាត់ជួបទូតជប៉ុន មុនដល់ថ្ងៃចូល សវនាការ

ភ្នំពេញ៖ មុនប៉ុន្មានថ្ងៃនៃដំណើរការ​ សវនាការ រឿងក្ដី លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានស្កាត់ជួបពិភាក្សាការងារ ជាមួយ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អស់រយៈពេលជាង២ម៉ោង។

សូមរំលឹកថា លោក ប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃ ទី៥ ខែមករា ឆ្នាំ២០២២ លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «នារសៀលថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២នេះ ខ្ញុំបានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា ជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងស្ថានទូតជប៉ុន រាជធានីភ្នំពេញ»។

លោក បញ្ជាក់ថា «ក្នុងជំនួបរយៈពេលជាង២ម៉ោងនេះ ក្រៅពីជូនពរឆ្នាំថ្មី ការសួរសុខទុក្ខ និងអំពីសវនាការនាពេលខាងមុខនេះ យើងបានស្វែងយល់ពីគ្នាទៅវិញទៅមកជុំវិញស្ថានភាពនានា នៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន ផងដែរ»៕

To Top