ភ្នំពេញ ៖ “បើចង់ស្លៀកពាក់ជាអ្នកទោស និងដាក់ខ្នោះដៃ ឬជើង ដើរតាមផ្លូវសាធារណៈ គួរទុកឲ្យដើរដោយសេរីទៅ គេហៅថា មនុស្សឆ្កួត ទុកឲ្យឆ្កួតរហូតទៅកុំរំខានគាត់” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន លើកឡើងក្នុងបណ្តាញ តេឡេក្រាម នាថ្ងៃ៦ មករា ។

ជាថ្មីម្តងទៀត កញ្ញា សេង ធារី អ្នកជំនាញផ្នែកច្បាប់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលទៀតហើយ តាមរយៈការស្លៀកពាក់ ជាអ្នកទោសពណ៌លឿងទុំ និងមានពាក់ខ្នោះជើង កាលពីថ្ងៃ៤ មករា ដើម្បីបន្តចូលរួមសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធគម្រោង មាតុភូមិនិវត្តន៍លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ក្នុងដំណើរចូលរួមសវនាការនេះ ក្រុមសមត្ថកិច្ចបានឃាត់ខ្លួន រយៈពេលខ្លី ដើម្បីដោះខ្នោះជើងចេញ ដើម្បីចូលរួមសវនាការ។

សូមបញ្ជាក់ថា ក្នុងការឡើងសវនាការនេះ កាលពីលើកទី១ កញ្ញា សេង ធារីបានស្លៀកឈុតប្រពៃខ្មែរ ជានារី អប្សរា , លើកទី២-ស្លៀកពាក់ជាឈុតអាវធំ ដូចបែបអឺរ៉ុប និងលើកទី៣នេះ ស្លៀកជាអ្នកទោសតែម្តង ។ កញ្ញា បានហៅការឡើងតុលាការនេះ គឺជាការសម្តែងល្ខោនផងដែរ ៕
