ភ្នំពេញ: ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលរសៀល ពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួននារី ត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ភោគ ពេជ្រ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនត្រូវចោទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២ ស្ថិតចំណុចផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាល រឹបអូសបាន ថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ថង់ធំល្មម, ម៉ូតូចំនួន១គ្រឿង ម៉ាកណិច ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1E-5347 និងទូរស័ព្ទចំនួន១គ្រឿងម៉ាកអូប៉ូ៕ ដោយ រស្មី អាកាស