ព័ត៌មានជាតិ

ជនជាតិថៃ រាប់រយនាក់ កំពុងធ្វើការ ដោយខុសច្បាប់ នៅកម្ពុជា

បរទេស៖ ជនជាតិថៃជាង ៥០០នាក់ដែលត្រូវបានបោកបញ្ឆោត ឱ្យមកធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានជួយសង្គ្រោះកាលពីខែធ្នូ ហើយស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Buri Ram ពីបទឆបោកប្រាក់ប្រជាជន ដែលបានទទួលប្រាក់ ដើម្បីធានាការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការអគ្គស្នងការនគរបាលជាតិថៃ គឺ លោក Surachate Hakparn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរថៃកំពុងសម្របសម្រួល ជាមួយមន្ត្រីកម្ពុជាក្នុងការជួយសង្គ្រោះពលករថៃ ដែលត្រូវបានបោកប្រាស់។

មនុស្សជាច្រើនត្រូវបានបង្ខំ ឱ្យធ្វើការនៅជិតព្រំដែន ជាមួយខេត្តត្រាត និងកន្លែងផ្សេងទៀត ក្នុងក្រុងពោធិ៍សាត់ កោះកុង ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ Surachat បាននិយាយថា អ្នកវិនិយោគចិននៅកម្ពុជា មានការមិនស្ងប់ចិត្ត ដោយសារចំណាត់ការរបស់សមត្ថកិច្ចកម្ពុជា ចាត់វិធានការ និងដោះលែងកម្មករថៃ នៅខាងក្រៅសណ្ឋាគារ និងភោជនីយដ្ឋាន។

លោកថា មនុស្សចំនួន៥០២នាក់ ត្រូវបាននាំត្រឡប់ ពីប្រទេសកម្ពុជាវិញ។ ជនជាតិថៃប្រហែល ១ ០០០នាក់ទៀត នៅតែនៅទីនោះក្នុងនាមជាកម្មករបង្ខំ ហើយកំពុងត្រូវការជំនួយ។

លោកបានព្រមាន អ្នកស្វែងរកការងារឱ្យប្រុងប្រយ័ត្ន និងកុំចាញ់បោកតាមសារអត្ថបទ និងការបង្ហោះតាមហ្វេសប៊ុក ហៅពួកគេឱ្យមកធ្វើការជាមួយនឹងប្រាក់ខែពី២ម៉ឺន ទៅ៣ម៉ឺនបាតក្នុងប្រទេសកម្ពុជា៕ ប្រែសម្រួលៈ ណៃ តុលា

To Top