ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ណែនាំពលរដ្ឋ ពួតដៃគ្នា រួមចិត្តតែមួយ ប្ដូរផ្ដាច់ថែរក្សាសន្ដិភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំប្រជាពលរដ្ឋត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្ដូរផ្ដាច់ថែរក្សាសន្ដិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករា ឲ្យបានគង់វង្ស មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេសណា មកបំផ្លាញទៅវិញឡើយ។

តាមរយៈសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប៤៣ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្ដេចតេជោ បន្ដថា បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកយ៉ាងប្តូរផ្តាច់ ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញដែលត្រូវចាប់ផ្តើមពីចំណុចសូន្យ។

សម្ដេចតេជោបន្ដទៀតថាជោគជ័យក្នុងការអនុវត្តបណ្ដាភារកិច្ចជាយុទ្ធសាស្ដ្រនេះបានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្ដិភាព និងបង្រួបបង្រួមជាតិ និងការបន្ដស្ដារ និងអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យឲ្តមានការរីកចម្រើនរហូតដល់ពេលនេះ។

សម្ដេចតេជោ បញ្ជាក់ថា «ជនរួមជាតិជាទីស្នេហា ពេលនេះយើងកំពុងឈានចូលឆ្នាំថ្មី ២០២២ ជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំចំពោះជោគជ័យ នៃដំណើរជាតិយើងបន្តទៅមុខទៀត។ នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀត នូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន»។

សម្ដេចតេជោ បន្ថែមថា «ក្នុងស្មារតីនេះ ប្រជាជាតិយើងទាំងមូលត្រូវពួកដៃគ្នារួមចិត្តតែមួយ ប្ដូរផ្ដាច់ថែរក្សាសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករា ឲ្យបានគង់វង្ស មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ»។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «ថ្ងៃកំណើតទី២» របស់ខ្លួន។ បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត»៕

To Top