ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយតបទៅលោក អុង កេយុង (ONG KENG YONG) ជាជនជាតិសិង្ហបុរី ដែលជាអតីតអគ្គលេខាធិការអាស៊ាន ។ លោក អុង កេយុង បាននិយាយពីដំណើរ ទស្សនកិច្ច របស់សម្តេច ទៅដោះស្រាយបញ្ហាទៅមីយ៉ាន់ម៉ា កាលពីថ្ងៃ៧-៨ មករា អំពីធម្មនុញ្ញអាស៊ាននិងកុងសង់ស៊ីស ។
សម្តេចថា លោក អុង កេយុង (ONG KENG YONG) ធា្លប់ធ្វើត្រឹមជាអគ្គលេខាធិការអាស៊ានទេ តែលោកមិនមែនជាប្រធានអាស៊ានដែលធ្លាប់បានចូលរួមដោះស្រាយបញ្ហានានានោះទេ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា “ឯកឧត្តមមើលតើកុងសង់ស៊ីស៥ចំណុចហ្នឹង មានកន្លែងណានិយាយពីការបោះឆ្នោតទេ អត់មានទាល់តែសោះ ដូច្នេះខ្ញុំនៅតែក្តាប់ជាប់ធម្មនុញ្ញាអាស៊ាន និង៥ចំណុចរបស់អាស៊ាន ។ អ្វីខ្ញុំចាប់អារម្មណ៍គឺការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅឆ្នាំ២០២៣ សូមឯកឧត្ត អុងកេយ៉ុង យល់នូវចំណុចនេះដែលជាការផ្ញើសារដោយតាមសំឡេងរបស់អ្នករៀបចំ ។ ឯកឧត្តមិនមែនជាខ្ញុំ ឯកឧត្តមពិតជាមិនយល់ដូចខ្ញុំទេ ហើយឯកឧត្តមក៏មិនធ្លាប់ធ្វើប្រធានអាស៊ានទេ គ្រាន់តែធ្លាប់ធ្វើអគ្គលេខាធិការអាស៊ានប៉ុណ្ណោះ អីចឹងសង្ឃឹមថា ឯកឧត្តមនឹងមានការយល់” ។
សម្តេចតេជោក៏បានផ្តាំផ្ញើសារទូន្មានទៅ អតីតអគ្គលេខាធិការអស៊ានរូបនេះទៀតថា “ឯកឧត្តមមិនយល់ទេ ឯកឧត្តមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងដំណើរការសន្តិភាពនៃប្រទេសមួយទេ ព្រោះឯកឧត្តមកើតនៅក្នុងប្រទេសដែលមានសន្តិភាពស្រាប់ ខ្ញុំគ្រាន់តែទូន្មានឯកឧត្តមឲ្យយល់ទៅអ្វីជាបញ្ហា អ្វីទៅរបៀបដោះស្រាយបញ្ហា”។
សូមរំលឹកថា លោក ONG KENG YONG ជាឥស្សរជន ជនជាតិសិង្ហបុរី ត្រូវបានតែងតាំង ជាអគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិ ឆ្នាំ២០០៣ដល់ឆ្នាំ២០០៧ ៕