ភ្នំពេញ៖ សម្រាប់ការចូលចតរបស់ នាវាចម្បាំងជប៉ុនមកកាន់កំពង់ផែរាម ក្នុងឱកាសវេលាសមស្រប ណាមួយនាពេលខាងមុខនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញសួរសុខទុក្ខកងកម្លាំង ស្វ័យការពារជើងទឹកជប៉ុន ប្រសិនបើមានការអនុញ្ញាតពីភាគីជប៉ុន ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសន្យាថា នាវាចម្បាងរបស់ជប៉ុនមកដល់កម្ពុជា ខ្ញុំនឹងទៅសួរសុខទុក្ខកងទ័ពជប៉ុននៅលើនាវា ប្រសិនបើមានយល់ព្រមពីភាគីជប៉ុន»។
សម្ដេចតេជោបន្ដថា ដោយសារទឹកនៅកំពង់ផែរាម មានជម្រៅជាង២ម៉ែត្រ ធ្វើឲ្យនាវារបស់ជប៉ុន ពិបាកចូលចត ទើបភាគីកម្ពុជានឹងត្រូវយកនាវាខ្លួន ទៅទទួលកងទ័ពជប៉ុននៅលើនាវា ដើម្បីមកទស្សនកិច្ចនៅកំពង់ផែរាម ។
សម្ដេចតេជោបញ្ជាក់ថា «ព្រោះថា កាប៉ាល់របស់ជប៉ុនធំពេក ព្រោះកាប៉ាល់ដូចពួកខ្ញុំ កាប៉ាល់តូចៗ ព្រោះពួកខ្ញុំមិនត្រូវការកងទ័ពជើងទឹកអីណាខ្លាំងហួស គ្រាន់តែការពារអ្នករត់ពន្ធមនុស្ស ចោលសមុទ្រ ចារកម្ម តែប៉ុណ្ណឹងទេ»។
សូមរំលឹកថា ក្នុងឱកាសចូលជួប ពិភាក្សាការងារជាមួយ សម្ដេចតេជោ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ជប៉ុននឹងត្រៀមបញ្ជូន នាវាស្វ័យការពារជើងទឹក មកចុះចតនៅកម្ពុជា ៕