ព័ត៌មានជាតិ

ឆ្នាំសិក្សាថ្មី! សម្ដេចតេជោ បញ្ជាក្រសួងអប់រំ បន្ដជំរុញ ការអប់រំឌីជីថល ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក

ភ្នំពេញ៖ ឆ្នាំសិក្សាថ្មី ២០២១-២០២២ ត្រូវបានរំពឹងទុកជាមុនថា នឹងទទួលបានលទ្ធផលល្អប្រសើរ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តជំរុញ ការអប់រំឌីជីថល និងការអប់រំពី ចម្ងាយ ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក ។

តាមសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ថ្ងៃទី១០ មករា បានបញ្ជាក់ថា ក្រសួងអប់រំ ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនាទានថ្មី «គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើស និងអភិវឌ្ឍន៍ធនធាន បង្រៀននិងរៀនឲ្យបានច្រើន សម្បូរបែប ដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតប និងរស់រវើក ជាពិសេសដំណើរការ បង្រៀននិងរៀន ដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការ និងវិសហមជ្ឈការនៃសេវាអប់រំ។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តជំរុញ ការអប់រំឌីជីថល និងការអប់រំពី ចម្ងាយ ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យឡើងវិញឲ្យស្របនឹងបរិបទថ្មីៗ ដែលតម្រូវឲ្យធ្វើការអភិវឌ្ឍសមត្ថភាព និងការកសាងប្រព័ន្ធអប់រំដ៏រឹងមាំ ដែលមានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវ ភាពសក្ដិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិក នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រង នៅកម្រិតសាលារៀន រួមបញ្ចូលទាំងប្រសិទ្ធភាពនៃ ការគ្រប់គ្រងគូ្របង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈក្នុងវិស័យអប់រំ, ការបង្កើនប្រសិទ្ធភាពហិរញ្ញប្បទាន សហប្រតិបត្តិការ, ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអប់រំ, ការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រងនាយកសាលា និងគ្រូបង្រៀន»។

សម្ដេចតេជោ បន្ថែមថា ក្រសួងអប់រំ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ លើការអប់រំឆ្លើយតបទៅនឹង ទីផ្សារការងារដោយអនុវត្ត វិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ និង ការផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងបណ្តុះបាននូវអ្នកជំនាញចាំបាច់ក្នុង យុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ សម្ដេច ថា ក្រសួងអប់រំ យុវជន ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹតការតាម គ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឈ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេស ការបង្រៀននិងរៀន តាមបែបបច្ចេកវិទ្យាទំនើប។

លើសពីនេះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមឲ្យបានសស្រាក់សម្រាំក្នុង «អំពើល្អ» ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ៕

To Top