ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណ ចំពោះលោកគ្រូ អ្នកគ្រូបដែលបានចូលរួម យ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងសង្រ្គាមកូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវ ព្រឹត្តិការណ៌សហគមន៍ ២០កុម្ភៈបានយ៉ាងជោគជ័យ ។

ក្នុងពិធីបើកបវេសនកាលឆ្នាំ សិក្សា២០២១-២០២២ នៅវិទ្យាល័យជាស៊ីមសន្ឋរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១០ មករាឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកពិតជាអរគុណ ចំពោះលោកគ្រូ អ្នកគ្រូដែល មិនរត់ចោលគ្នាក្នុងគ្រា ដ៏លំបាក នៃជម្ងឺកូវីដ-១៩ ហើយលោកក៏អរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះ រាជរដ្ឋាភិបាល ដែលបានប្រយុទ្ធប្រឆាំង នឹងជំងឺកូវី-១៩ យ៉ាងល្អ ពិសេស គឺរាជរដ្ឋាភិបាលបានខិតខំ ស្វះស្វែងរកវ៉ាក់សាំងមកចាក់ ជូនបងប្អូនប្រជាពរដ្ឋបានគ្រប់គ្នា ពោលគឺក្នុងចំនួនប្រជាពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាសាំងបានប្រមាណ ៨៩,២៦% ហើយគ្រោងនឹងចាក់វ៉ាក់សាំងដុសទី៤ នៅពេលខាងមុខនេះបន្ថែមទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនៅតែណែនាំលោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សទាំងអស់កុំភ្លេចការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារតែពេលនេះកូវីដ-១៩ ប្រភេទអូមីក្រុង បានចូលក្នុងសហគមន៍ហើយដែលត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លើកឡើងថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈសរុប ចំនួន ២៤៩ រួមមាន៖វិទ្យាល័យចំនួន ៤១សាលា អនុវិទ្យាល័យចំនួន ២៧សាលា បឋម សិក្សាចំនួន ១៦៣សាលាសាលា មត្តេយ្យសិក្សា ចំនួន ១៨សាលា មានសិស្សានុសិស្សសរុប ចំនួន ៤០០ ៧៤៣នាក់ បុគ្គលិគអប់រំគ្រប់ក្របខណ្ឌសរុប ចំនួន ១០ ៦៨៦ នាក់។

លោកបន្តថា សម្រាប់ការដាក់ឲ្យដំណើរការ គ្រឹះស្ថានសិក្សានាឆ្នាំសិក្សាថ្មីដែលត្រូវចាប់ដំណើរការពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ និងដើម្បី ចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បាន ត្រៀមចូលរួម អនុវត្តនូវវិធានការពាររបស់ ក្រសួងសុខាភិបាល ដោយតម្រូវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នក ពាក់ព័ន្ធ ក្នុងសាលាបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់គ្រប់ៗគ្នា។ គ្រប់សាលាត្រូវបង្កើនកន្លែង លាងដៃ ឱ្យបានច្រើន មានសាប៊ូ ដែល អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ និងវិធានការផ្សេងទៀត ដែលបាននិងកំពុងដាក់ឱ្យអនុវត្តក្នុង គ្រឹះស្ថានសិក្សា។

ក្នុងឱកាសនោះដែរ លោកនួន ផារ័ត្ន តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនទៅដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ ដែលមានទាំងប៊ិច សៀវភៅនិងថវិកាមួយចំនួន៕
