ព័ត៌មានជាតិ

Update: កូរ៉េខាងជើង បាញ់ “មីស៊ីលផ្លោង ដែលសង្ស័យ” ចូលទៅក្នុងសមុទ្រ

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយ កាលពីថ្ងៃអង្គារថា កូរ៉េខាងជើង បានបាញ់ “មីស៊ីលផ្លោងដែលសង្ស័យ” ចូលទៅក្នុងសមុទ្រ តិចជាងមួយសប្តាហ៍ បន្ទាប់ពីទីក្រុងព្យុងយ៉ាងរាយការណ៍ថា បានធ្វើតេស្តមីស៊ីលល្បឿនលឿន ជាងសំឡេង។ នេះបើតាមការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ បារាំង AFP នៅមុននេះបន្តិច។

ការបាញ់បង្ហោះ នាពេលព្រឹកព្រលឹម បានធ្វើឡើង នៅពេលដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សា កាលពីសប្តាហ៍មុនអំពីការសាកល្បងអ្វីដែលទីក្រុងព្យុងយ៉ាង ហៅថាជាមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង។

យោធារបស់យើង បានរកឃើញមីស៊ីលផ្លោង ដែលសង្ស័យថា បានបាញ់ដោយកូរ៉េខាងជើងពីដីឆ្ពោះទៅ សមុទ្រខាងកើត នៅម៉ោងប្រហែល ៧់ៈ២៧ ព្រឹកថ្ងៃនេះ” នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ការបាញ់បង្ហោះនេះ ក៏ត្រូវបានរាយការណ៍ ដោយឆ្មាំឆ្នេរសមុទ្ ររបស់ប្រទេសជប៉ុន ដែលបាននិយាយថា កូរ៉េខាងជើងបានបាញ់ “វត្ថុស្រដៀង នឹងមីស៊ីលផ្លោង” ។

កាលពីថ្ងៃចន្ទ ប្រទេសចំនួនប្រាំមួយ រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន បានជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់ “សកម្មភាពអស្ថិរភាព” មុនពេលកិច្ចប្រជុំបិទទ្វារ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។

ប្រទេសបារាំង អង់គ្លេស អៀរឡង់ និងអាល់បានី បានចូលរួមការអំពាវនាវ ឱ្យកូរ៉េខាងជើង “បដិសេធពីសកម្មភាព បង្កអស្ថិរភាពបន្ថែមទៀត… និងចូលរួម ក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យឆ្ពោះទៅ រកគោលដៅរួមរបស់យើង ក្នុងការលុបបំបាត់ នុយក្លេអ៊ែរទាំងស្រុង”។

ក្រុមអ្នកវិភាគ បាននិយាយថា ទីក្រុងព្យុងយ៉ាង ប្រហែលជាបានកំណត់ ពេលវេលានៃការបាញ់បង្ហោះចុងក្រោយនេះ ដើម្បីឱ្យស្របពេលជាមួយ នឹងកិច្ចប្រជុំរបស់ អង្គការសហប្រជាជាតិ។

លោក Shin Beom-chul អ្នកស្រាវជ្រាវនៅ វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រជាតិកូរ៉េ បានប្រាប់ AFP ថា “ការបាញ់បង្ហោះនេះ មានហេតុផលនយោបាយ និងយោធា” ។

លោក បានបន្ថែមថា “កូរ៉េខាងជើង បន្តការសាកល្បងដើម្បីធ្វើពិពិធកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែវាបានកំណត់ពេលវេលានៃការបាញ់បង្ហោះ នៅថ្ងៃនៃកិច្ចប្រជុំ UNSC ដើម្បីបង្កើនឥទ្ធិពល នយោបាយរបស់ខ្លួន” ៕

ប្រែសម្រួលដោយ៖ សយ សុភា

To Top