ភ្នំពេញ៖ សម្ដេច ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានផ្ដាំផ្ញើបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មី ត្រូវធ្វើសកម្មភាពល្អៗ ជាមួយប្រជាពលរដ្ឋ ពិសេសចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។
ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង កោតសរសើរចំពោះក្រុមការងារ ចុះមូលដ្ឋានខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ បានរួមកម្លាំងសាមគ្គីគ្នាចូលរួម គាំទ្រដល់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ជាពិសេសនៅក្នុងស្ថានភាព ប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។
សម្ដេច ក៏ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចដែលថ្នាក់ជាតិ បានផ្ដល់ជូនមកជាបន្តបន្ទាប់ ដើម្បីចូលរួមធ្វើឲ្យ សម្រេចបានជោគជ័យ នូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជា កំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ដើម្បីធ្វើឲ្យថ្នាក់មូលដ្ឋាន កាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្ដេចបញ្ជាក់ថា «បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់» ។
លើសពីនេះទៀត សម្ដេច ស ខេង ក៏បានណែឲ្យបេក្ខជនទាំងអស់ ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រ ដល់គ្នាទៅវិញទៅមក សម្រាប់ការបំពេញភារកិច្ច បំរើប្រជាពលរដ្ឋនៅមូលដ្ឋាន ៕