ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានបង្ហាញក្តីក្រៀមក្រំជាខ្លាំង ចំពោះមន្រ្តីជំនាញ៣រូប ដែលបម្រើនៅអង្គការដោះមីនកម្ពុជា បានទទួលមរណភាព ដោយសារការដោះមីនមិនទាន់ផ្ទុះ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ ក្រៅពីស្លាប់ទាំង៣នាក់នោះ ក៏មានអ្នករបួសធ្ងន់ម្នាក់ ថែមទៀតផងដែរ ។

យោងតាមស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១១ មករា នេះបានឲ្យដឹងថា “សហរដ្ឋអាមេរិក មានក្តីក្រៀមក្រំជាខ្លាំង ពេលបានទទួលដំណឹងថា គ្រាប់មីនមួយគ្រាប់ នៅខេត្តព្រះវិហារ បានសម្លាប់ និងធ្វើឲ្យរបួស អ្នកដោះមីនដ៏ក្លាហាន មួយចំនួន របស់អង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា អង្គការដោះមីនកម្ពុជា ។ យើងសោកស្តាយ ចំពោះការបាត់បង់យ៉ាង រន្ធត់នេះ ហើយសូមចូល រួមរំលែកទុក្ខដល់គ្រួសារ និងសហការីរបស់ពួកគេ” ។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹកថ្ងៃ១០ មករា មានករណីផ្ទុះគ្រាប់មីនតោនស្លាប់អ្នក ជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕





