ព័ត៌មានជាតិ

ទណ្ឌិត២នាក់ ជាអតីតក្រុមប្រឹក្សាឃុំ នៃ អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីបានអនុវត្តទោសសព្វគ្រប់ ពាក់ព័ន្ធបទល្មើស« ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ភ្នំពេញ៖ តាមប្រភពព័ត៌មានពីមន្រ្តីអនុរក្សពន្ធនាគារម១ បានអោយដឹងថា អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ នៃ អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ ត្រូវបានដោះលែង ពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបានអនុវត្តទោសចន់សព្វគ្រប់ នៅក្នុងមន្ទីរពន្ធនាគារព្រៃស (ម១) ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

យោងតាមឯកសាតុលាការ បានអោយដឹងថា ទណ្ឌិតទាំង២នាក់ ខាងលើនេះ មានឈ្មោះ អ៊ុក ឆុំ ភេទ ប្រុស អាយុ ៧០ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ លាស់ ឆេងឡាង ភេទ ប្រុស អាយុ ៥០ ឆ្នាំ។

ពួកគេទាំងពីរនាក់ ត្រូវបានលោករស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ៣០ ខែ ធ្នូ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់១៨ខែ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន៤លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើស« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩។

ទណ្ឌិតទាំង២នាក់ ត្រូវបានជាប់ចោទពីបទ« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»តាមបញ្ញាតិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

ពួកគេត្រូវបានចាប់ឃុំខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០២០៕

ដោយ: រស្មី អាកាស

To Top