ព័ត៌មានជាតិ

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិ រួមគ្នាផ្តល់ជំនួយបរិក្ខារលាងដៃ​ ដល់សាលារៀន ទាំងអស់ ក្នុងខេត្តព្រះសីហនុ ​​

​​ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេ និងរីកចម្រើនបំផុត នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញជាផ្លូវការ នូវការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាល ឆ្នាំសិក្សា ២០២១ ២០២២ ។ ​

ក្នុងកម្មវិធីនេះដែរ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌ របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប គំនិតផ្តួចផ្តើមរួមគ្នា ជាមួយនឹងអង្គការភ្លែនអន្តរជាតិ គ្រោងនឹងដំឡើងកន្លែងលាងដៃ ដែលដំណើរការដោយឈ្នាន់ សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ២០២២នេះ ។ លើសពីនេះទៅទៀត មូលនិធិព្រីនស៍ ក៏បានបរិច្ចាគឧបករណ៍ វាស់កម្តៅចំនួន ៩៩០គ្រឿង ដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់មូលនិធិ ក្នុងការផ្តល់នូវបរិយាកាសសាលារៀន ប្រកបដោយសុវត្ថិភាព ដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។

លោក​ស្រី ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទាំងគ្រូបង្រៀននិងសិស្សានុសិស្សតម្រូវឲ្យអនុវត្ត តាមវិធានការការពារដូចជាការលាងដៃ ឲ្យបានញឹកញាប់ ការរក្សាគម្លាត និងការពាក់ម៉ាស់ជាដើមដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ។ លោកស្រី បានបន្តថា «នៅបំណាច់នៃគម្រោងនេះ សិស្សានុសិស្សចំនួន ៣៩ ០១៩នាក់ មកពីសាលាបឋមសិក្សាចំនួន ៧២សាលា សាលាអនុវិទ្យាល័យចំនួន ១៨សាលា និងវិទ្យាល័យចំនួន ៩ សាលា ក្នុងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា កោះរុង នឹងទទួលបានបរិក្ខារសម្រាប់លាងដៃនេះ»។

​លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងនៅសារ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរ នៃការចាក់វ៉ាក់សាំង ទៅលើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ។ លោកបានបន្តថា «ជាមួយនឹងវិធានការ ប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាព ដែលអាចនិយាយបានថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារ ដែលទើបតែចុះឈ្មោះចូលរៀន ដើម្បីចាប់ផ្តើមដំណើរ នៃការអប់រំរបស់ពួកគេ ក្រោមទស្សនទានថ្មីគឺ ‘គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ’ »។

តាមរយៈការចាប់ផ្តើមជំហានដំបូង របស់ខ្លួនក្នុងឆ្នាំថ្មីក្នុងយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានដើរតួនាទីយ៉ាងសកម្ម ក្នុង ការចូលរួមចំណែកពង្រឹង និងផ្តល់ភាពអង់អាច ដល់សិស្សានុសិស្សកម្ពុជា ដើម្បីឲ្យពួកគេទទួលបាននូវអនាគតដ៏ប្រសើរមួយ ហើយតួនាទីដ៏សំខាន់នេះត្រូវបានមើលឃើញតាមរយៈការផ្តល់អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្សកម្ពុជាចំនួន៤០០នាក់ ដែលជាកម្មវិធីដ៏លេចធ្លោមួយ ក្នុងចំណោមកិច្ចផ្តួចផ្តើមដទៃទៀតរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ។

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «ពួ្កយើងជឿជាក់ថាកិច្ចផ្តួចផ្តើមក្នុងបើកសាលារៀនវិញ ប្រកបដោយសុវត្ថិភាពនេះ គឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់កាលៈទេសៈមួយនេះ ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើការ និងរៀនសូត្រពីអង្គការភ្លែនអន្តរជាតិ ដែលជាអង្គការមួយធ្វើការជួយ និងគាំទ្រដល់ការអភិវឌ្ឍន៍ របស់កុមារក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកនេះ។

​លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងធ្វើការសហការជាមួយនាយកដ្ឋាន ពាក់ព័ន្ធ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឲ្យបានថា តំណាងសាលាចំនួនពីរនាក់ មាននាយកសាលាម្នាក់ និងគ្រូបង្រៀនម្នាក់នឹងបានរៀនពីរបៀបតម្លើង ប្រើប្រាស់ ជួសជុលនិងថែទាំបរិក្ខារទាំងនោះ ។ គម្រោងនេះទៀតសោតមានគោលបំណង ធ្វើឲ្យប្រាកដថា៩០% នៃសិស្សានុសិស្ស ជាពិសេសកុមារតូចៗ នឹងបានរៀននិងយល់ដឹង អំពីការរក្សាអនាម័យ និងវិធានការការពារជំងឺកូវីដ-១៩» ៕

To Top