ព័ត៌មានជាតិ

តម្លៃស្រូវប្រាំង អាចប្រឈមនឹងធ្លាក់ថ្លៃ ខណៈប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម ហក់ឡើងថ្លៃទ្វេដង

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្លៃស្រូវប្រាំងអាចប្រឈមនឹង ការធ្លាក់ចុះតម្លៃ ខណៈតម្លៃផលិតកម្ម និងធាតុចូលកសិកម្មកើនឡើងទ្វេដង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១១ មករា បានបញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវរដូវប្រាំងនឹងចាប់ផ្តើម ហើយប្រជាកសិករមានការព្រួយបារម្ភ ចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមាន ការកើនឡើង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង ដោយសាររោងចក្រកាត់បន្ថយ ការផលិត និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់»។

ដើម្បីចូលរួមលើកកម្ពស់ផលិតភាពដំណាំស្រូវ ក្រសួងចាត់វិធានការ និងអំពាវនាវ ដូចជា ៖

ទី១-មន្ទីរកសិកម្ម គ្រប់ខេត្ត ត្រូវបន្តចុះណែនាំប្រជាកសិករក៏ដូចជាសហគមន៍កសិកម្ម អំពីបច្ចេកទេសផលិតកម្មដំណាំស្រូវឲ្យទទួលបានទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ធាតុចូលកសិកម្មត្រឹមត្រូវ តាមបច្ចេកទេស កាត់បន្ថយការចំណាយក្នុងផលិតកម្ម និងធានាបានគុណភាពស្រូវស្របតាមស្តង់ដារ។

ទី២-អាជ្ញាធរខេត្តត្រូវខិតខំទំនាក់ទំនង និងបង្កលក្ខណៈងាយស្រួល ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ វិស័យ ឯកជននានាក្នុងតំបន់ក្នុងការទទួលទិញស្រូវរបស់កសិករក្នុងតម្លៃសមរម្យ និងជួយសម្រួលឲ្យមានជម្រើសច្រើនដល់កសិករ ក្នុងការលក់ស្រូវជាជាងលក់ឲ្យឈ្មួញមានលក្ខណៈផ្តាច់មុខ។
និងទី៣-វិស័យឯកជន ជាពិសេសម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចូលរួមសហការជាមួយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ធ្វើការ សម្របសម្រួលលើការទំនាក់ទំនងដោយផ្ទាល់ ជាមួយសហគមន៍ កសិកម្ម ក្នុងតំបន់របស់ខ្លួន ក្នុងការលក់ស្រូវដោយផ្ទាល់ និងឈានដល់ការធ្វើផលិតកម្ម តាមកិច្ចសន្យាជាមុន ៕

To Top