នយោបាយ

គណបក្ស៣ រួមគ្នាទាមទារឲ្យ គ.ជ.ប រក្សាទម្រង់កំណត់ហេតុ រាប់សន្លឹកឆ្នោតទម្រង់១១០២

ភ្នំពេញ ៖ គណបក្សចំនួន៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា បានចេញញត្តិរួមគ្នាមួយច្បាប់ ស្នើឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)រក្សា ទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ក្នុងទម្រង់១១០២ឲ្យនៅដដែល ដោយរក្សាខ្ទង់ព័ត៌មាន អំពីតួលេខសំខាន់ៗ នៃចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតដែលមិនបានប្រើ និងសន្លឹកឆ្នោតខូច ។

គ.ជ.ប នាពេលថ្មីៗនេះ បានចេញសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីបម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ។ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់លើកនេះ ទម្រង់១១០២ គឺគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់លែងចម្លងចែក ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោត ជូនភ្នាក់សង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ នៅនឹងមណ្ឌលបោះឆ្នោត ដូចលើកមុនៗទៀតហើយ ។ ការលែងចេញនេះ ដោយសារ មានភាពស្មុគស្មាញច្រើន រហូតឈានទៅបង្កើតឲ្យ មានកំហុសឆ្គងផ្នែកបច្ចេកទេសថែមទៀតផង ។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មានក្នុងស្រុកមួយ ៕

To Top