ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២របស់ខ្លួន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានកោតសរសើរអាជ្ញាធររាជធានីភ្នំពេញក្នុងឆ្នាំ២០២១ លើការរៀបចំសណ្តាប់ធ្នាប់ បានយ៉ាងល្អទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ។


ក្រៅពីនោះ លោក ម៉ប់ សារិន ក៏សរសើរការដោះស្រាយបញ្ហាធំៗជាច្រើន រួមទាំងការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ប្រែក្លាយរាជធានីភ្នំពេញ ពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹម ដូចសព្វថ្ងៃ ជាមួយនឹងការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាបង្កមកពីទឹកជំនន់ បញ្ហាកកស្ទះសំរាម ក្នុងពេលដែលក្រុមហ៊ុនស៊ីនទ្រីមានបញ្ហា ។

ជាមួយគ្នានេះ លោក ម៉ប់ សារិន បានថ្លែងអំណរគុណ និងកោតសរសើរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានដឹកនាំមន្ទីរសុខាភិបាល មន្ទីរអង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហការជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃនេះ។ លោកថា លទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីការលះបង់ខ្ពស់ និងសាមគ្គីភាព ក្រោមការដឹកនាំដ៏ឈ្លាងវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជា ហើយត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ បានចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ បាន ៨០,៩៣% នៃគោលដៅ ១.៤១២.៧៦៩នាក់។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អ ទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញក្នុងឆ្នាំ២០២១នេះបានយ៉ាងល្អប្រសើរ។

លោកម៉ប់ សារិន បានបន្តទៀតថា ចំពោះការងារបរិស្ថាន និងអនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយពេលមានក្រុមហ៊ុនទាំង៣ ទទួលអនុវត្តប្រមូល និងដឹកសំរាមមកឃើញថា មានការថយចុះបរិមាណសំរាម ជាងការដឹករបស់ក្រុមហ៊ុនស៊ិនទ្រីកន្លងមក (ជាង៣ពាន់តោន មកនៅជាង ២.៨១១តោន ក្នុង១ថ្ងៃ) ឯទីតាំងប្រមូលសំរាមកើនឡើង។ ដោយឡែកការចុះត្រួតពិនិត្យ ការបំពុលបរិស្ថាន (ក្លិន ផ្សែង សំឡេង) បានបង្ហាញទីតាំង បានច្រើន និងលទ្ធផលដែលចុះត្រួតពិនិត្យ បានកំណត់ច្បាស់លាស់បានល្អ។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានប្រកាសតែងតាំងសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញថ្មីម្នាក់ ឈ្មោះលោក ម៉ម ម៉ាលី ជំនួសលោកស្រី ឃួន គឹមនី លេខរៀងទី៦ ដែលទទួលមរណៈភាព ៕
