ព័ត៌មានជាតិ

សម្ដេច ស ខេង សង្ឃឹមថា កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញ​ក្ដីសង្ឃឹមថា កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីន ប្រចាំកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «សង្ឃឹមថាភាគីទាំងពីរ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកបទពិសោធន៍ ទៅវិញ ទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ»។

ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស ជាដើម ដែលកិច្ចការទាំងនេះមួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា។

លោកស្រី បានបន្ដថា ហ្វីលីពីន នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្ររាល់ព្រឹត្តិការណ៍ ដែលក្រសួងមហាផ្ទៃត្រូវធ្វើជាប្រធានដឹកនាំនៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ៕

To Top