ព័ត៌មានជាតិ

លោក សយ សុភាព អំពាវនាវពលរដ្ឋ បញ្ឈប់ការបរបាញ់ សត្វកុក នៅ«តំបន់ទេសចរណ៍ស្ពានលោក»

ភ្នំពេញ៖ ដោយមើលឃើញពី សក្ដានុពល ក្នុង «តំបន់ទេសចរណ៍ស្ពានលោក» ដែលអាចទាញយកអ្នកទេសចរណ៍ ឱ្យចូលមកលេងកំសាន្ត មើលថ្ងៃរៀបលិច ព្រមទាំងទស្សនា នូវហ្វូងសត្វកុក ហោះហើរវិលចូលទ្រនំ នាពេលរសៀល លោក សយ សុភាព បាន អំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការបរបាញ់ សត្វកុក ទាំងនេះតទៅទៀត។

យោងតាមគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំនិងប្រជាការពារភូមិព្រៃស្នួល ឃុំរវៀង នាំគ្នាចុះពិនិត្យមើលកន្លែងកុកដេក នៅតំបន់ទេសចរណ៍ស្ពានលោក។

ជាមួយគ្នានេះ លោក សយ សុភាព បានស្នើឱ្យ អ្នកចាប់និងបាញ់កុក នៅថ្នល់ទទឹង ឃុំសំរោង ស្រុកសំរោង និងអ្នកមកពីចម្ងាយ បញ្ឈប់ការចាប់កុក និងបាញ់ ចាប់ពីពេលនេះទៅ។

លោក ថា កន្លងមក បងប្អូនទាំងនោះ ចាប់អស់រាប់ពាន់ក្បាលក្នុង មួយសប្តាហ៏ តែឥឡូវត្រូវតែបញ្ឈប់និង ចូលរួមអភិរក្ស ដោយ កែប្រែតំបន់នេះឱ្យទៅជាតំបន់ទេសចរ ហើយ។

ផ្ទាំងពាណិជ្ជកម្ម

លោក សយ សុភាព បន្តថា តាមការចុះពិនិត្យជាក់ស្តែង រហូតមកដល់ពេលនេះ កុក រាប់ពាន់ក្បាលមកដេកនៅ តំបន់ នេះ។

កន្លងមកថ្មីនេះ លោក សយ សុភាពនិង អ្នកភូមិបានរៀបចំ ពិធីអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីបនិងបុណ្យឆ្លងឆ្នាំសកល ដែលមិនធ្លាប់មានពីមុន។

សូមបញ្ជាក់ថា «តំបន់ទេសចរណ៍ស្ពានលោក និងតំបន់ទេសចរណ៍ភូមិព្រៃស្នួល» ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានទីតាំងមិនឆ្ងាយប៉ុន្មាន ពីភ្នំជីសូរ៕

To Top