ព័ត៌មានជាតិ

ខឹងឪពុកចុង តែងតែវាយធ្វើបាបម្តាយខ្លួន យុវជនម្នាក់ទាញកាំបិតផ្គាក់ កាប់សម្លាប់ឪចុងដាច់ក ត្រូវបានចាប់ខ្លួន

ភ្នំពេញ: កម្លាំងនគរបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ នេះ បានចាប់ខ្លួនយុវជនសង្ស័យម្នាក់ និង បានបញ្ជូនទៅកាន់ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ឃាតកម្ម ដោយកាប់ទៅលើឪពុកចុង របស់ខ្លួនបណ្តាលអោយស្លាប់ យ៉ាងអាណោចអាធមបំផុត នៅហ្នឹងកន្លែងកើតហេតុ ដោយសារតែខឹងនឹងឪចុងរូបនោះ តែងតែប្រើអំពើហិង្សា និង វាយធ្វើបាប ម្តាយរបស់ខ្លួន នៅពេលផឹកស្រា ។

អំពីឃាតកម្មខាងលើ បាន កើតឡើងវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ផ្លេង កម្សត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ (ត្រូវជាកូនចុង) ។ ចំណែកឯជនរងគ្រោះ ឈ្មោះ ស្រីវ៉ាត ហៅ ឆូវ អាយុ៤៤ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកចុង) មានទីលំនៅ នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាល បាននិយាយថា ចំពោះករណីនេះ ជនសង្ស័យត្រូវបានជាប់ចោទពីបទ ឃាតកម្ម ហើយ ឥឡូវនេះ ត្រូវបានបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

ដោយ រស្មី អាកាស

To Top