ព័ត៌មានជាតិ

លោក សយ សុភាព ៖ ហេតុអ្វីព្រះតេជគុណ​ប៊ុត ប៊ុនតិញ ទើបដឹងអាស៊ាន ប្រកួតប្រជែងផ្ទៃក្នុង?

ភ្នំពេញ ៖ លោក សយ សុភាព ដែលជាអ្នកចូលចិត្ត តាមដានស្ថានការណ៍នយោបាយ ទាំងក្នុងនិងក្រៅប្រទេស បានលើកជាសំណួរ ទៅព្រះតេជគុណប៊ុត ប៊ុនតិញ ថា ហេតុអ្វីបានជាទើបដឹងថា អាស៊ាន​មានការប្រកួតប្រជែងផ្ទៃក្នុង? ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាអ្នករិះគន់ លើការដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយបានភៀសព្រះកាយទៅបរទេស បានមានសង្ឃដីកា នាថ្ងៃ១២ មករារៀបរាប់ពីដំណើរ សម្តេចតេជោអញ្ជើញទៅ មីយ៉ាន់ម៉ា និងរៀបរាប់ពីដំណើរការ បែកបាក់ អាស៊ានថា “សាវតា នៃការបែកបាក់ នៃអាស៊ាន មិនមែនបែកបាក់នៅថៃ ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងមីយ៉ាន់ម៉ាទេ ។ អ្នកដែលដើមហេតុបង្ក ឲ្យអាស៊ាន បែកបាក់តាំងពីឆ្នាំ២០១២ គឺផុសចេញពីទីក្រុងភ្នំពេញ និងមេដឹកនាំទីក្រុងភ្នំពេញ ដោយសម្តេច ហ៊ុន សែន និងបញ្ចប់ទៅវិញ ដោយសម្តេច ហ៊ុន សែនដែរ” ។

លោក សយ សុភាព បានថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១៣ មករាថា ការបែកបាក់អាស៊ាន ដោយសារមានការប្រយុទ្ធ ដណ្តើមគ្នារវាង ចិន និងបណ្តាប្រទេស ភ្នែកទាំង៥ ដើម្បីយកប្រទេស ក្នុងតំបន់ធ្វើជាកូនអុក ដែលដើមចមមក ពីអតីតគណបក្សសង្រ្គោះជាតិ ។

លោកថា “ហេតុអីទើបដឹង! នេះហើយភូមិសាស្ត្រ នយោបាយរបស់តំបន់ ដែលមហា អំណាចចិន និង ភ្នែក៥ ប្រយុទ្ធគ្នា ដោយយកប្រទេស ក្នុងតំបន់ធ្វើជាកូនអុក ។ ហេតុអីទើបភ្ញាក់ដឹងខ្លួន ។ កន្លងមកដោយសារ អតីតគណបក្សប្រឆាំង ល្ងង់ចាញ់ ឧបាយកលពួកភ្នែក៥នេះហើយ បានជាគណបក្ស របស់អស់លោករលាយ ។ ដូច្នេះអាចយល់ហើយថាអ្វីៗគឺអស់លោកភ្លើដើរចូលអន្ទាក់គេ” ។

លោកបន្តថា ទំរាំដឹងខ្លួសហួសពេលទៅហើយ ។ លោក សយ សុភាព ក៏បានឲ្យព្រះតេជគុណ ប៊ុត ប៊ុនតិញស្វែងយល់ភូមិសាស្ត្រនយោបាយបន្តទៀត និងតាមឲ្យទាន់ កុំឲ្យក្លាយខ្លួនទៅជាក្បត់ជាតិ ។
នេះមិនមែនជារឿង ប្រជាធិបតេយ្យ សិទ្ធិមនុស្សទេ តែជារឿងរបស់មហាអំណាចប្រកួត ៕

To Top