Covid-19

លោក ឆាយ សុផល ចេញសៀវ​ភៅថ្មីចំថ្ងៃទី១៤ មករា ស្តី​ពី​សកម្មភាព​នៃ​រាជ​រដ្ឋា​ភិ​បាល លើ​ការ​ទប់ទល់​នឹង​ជំងឺកូវីដ-១៩ និងបញ្ហានយោបាយ​មួយចំនួន

អ្នកសារព័ត៌​មាន​ជើង​ចាស់មួយរូប នៅ​​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ ​បានចេញ​ផ្សាយ​​ជាផ្លូវការនូវ សៀវភៅថ្មីដែលមានចំណងជើងថា “រាជ​រដ្ឋាភិ​បាល​​​​កម្ពុជា (ភាគ២)​ – ជោគ​​ជ័យក្នុងសង្រ្គាមដណ្តើម ជីវិតពលរដ្ឋពី​មាត់ជ្រោះ​មរណៈ​ កូវីដ-១៩ (១ សីហា – ៣១ ធ្នូ ២០២១)” ដែលមានកម្រាស់ជាង ៨០០ទំព័រ។

លោក ឆាយ សុផល ​សាស្ត្រាចារ្យ​​ព័ត៌មាន​ ដែលជាអ្នកនិពន្ធសៀវភៅ ​បាន​ប្រាប់​អ្នក​យក​​ព័ត៌មាននៅថ្ងៃនេះថា ដើម្បី​បិទបញ្ចប់រឿងរ៉ាវពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ​ដើម្បី​​រម្លឹក​​​​ពីការ​ខិត​ខំ​ប្រឹង​ប្រែង ​យ៉ាង​សកម្ម​ប្រកប​ដោយយុទ្ធសាស្រ្ត និង​ការ​ទទួល​​​​ខុសត្រូវ​ក្នុង ប្រវត្តិសាស្រ្តមនុស្សជាតិ របស់​​រាជ​រដ្ឋា​ភិ​បាលកម្ពុជា ជា​ពិសេសរបស់ សម្តេច​​តេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្រ្តី ក្នុង​ការ​ជួយ​សង្រ្គោះ​ជីវិត​ប្រជា​ពល​រដ្ឋ​ពី​ជំងឺ​កូវ-១៩​ ចេញសៀវ​ភៅ​នេះ​ឡើង។

លោក ឆាយ សុផល បន្ថែមថា នរណាៗ​ក៏បានដឹង​ពី​សុបិន ​ដ៏​អាក្រក់​​នៃជំងឺកូ​វីដ-១៩ នេះ​ដែរ ប៉ុន្តែ​​លោកនៅតែ​​ប្រមូល​​​ដំណឹង ​ពី​ព្រឹត្តិ​ការណ៍​​នានា រួមទាំងសារ​ទាំង​សំណេរ និង​សំឡេង​របស់ ​សម្តេច​​តេជោ, សេចក្តីប្រកាស​ព័ត៌​មាន, វិធាន​ការគោលការណ៍​ស្តង់ដារប្រតិ​បត្តិ (SOP), វិធានការ​​នានារបស់ក្រសួងសុខាភិបាល ច្បាប់ ដើម្បីទប់ស្កាត់ការចម្លង រីករាលដាលនៃជំងឺ​នេះ ចង​ជាបណ្តុំ ផ្គុំជាមួយឯកសារ ក្នុង​បំណងទុកជាជំនួយស្មារតី សម្រាប់អនុជន ក៏​ដូច​​ជា​​​អ្នក​សិក្សា​ស្រាវ​​ជ្រាវ​​​​ជំនាន់ចាស់ថ្មី ។

លោក ឆាយ សុផល ក៏​បានរម្លឹកប្រសាសន៍របស់ សម្តេចតេជោ ដែលបានលើកឡើងថា គ្រាប់​បែកអាចបំផ្លាញផ្ទះមួយ និងអាចបំផ្លាញបានភូមិមួយបាន ដោយគេ​យកវាទៅវាយប្រហារគ្នានៅក្នុងសង្រ្គាម ប៉ុន្តែ​បើគ្រាប់​បែកសេដ្ឋកិច្ចផ្ទុះ នោះវា​អាច​បំផ្លាញប្រទេសទាំងមូល ហេតុ​នេះហើយ ទើប​រាជ​រដ្ឋាភិ​បាល​គិត​យ៉ាងហ្មត់ចត់ ដោយស្មាម្ខាងប្រឹងរែក ពន់សុខភាពសាធារណៈ ខណៈ​ស្មា​ម្ខាង​ទៀត​ប្រឹង​លី​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដោយទប់ស្កាត់អតិផរណា។ លោកសាស្រ្តាចារ្យព័ត៌មានរូបនេះ អះអាងថា ប្រជាជន ខ្មែរខ្លះ​ឆាប់​ភ្លេច​រឿង​អតី​ត​កាល ដូច្នេះ លោកសង្ឃឹមថា សៀវភៅនេះអាច​​​ជា​ឯកសារ ជំនួយ​ស្មារតី​ជួយរម្លឹកពី​ប្រវត្តិ​​សាស្រ្ត​នៃមនុស្ស​ជាតិ។

លោក ឆាយ សុផល ក៏បានបញ្ជាក់ដែរថា ការចេញសៀវភៅនៅ​ថ្ងៃ​ទី១៤ ខែមករា នេះ ក៏ក្នុងបំណងចូលរួមរម្លឹក​ថ្ងៃឡើង​ កាន់តំណែងជានាយករដ្ឋមន្រ្តី ជាផ្លូវការ​លើក​ទី​៣៧​​​​​​​ឆ្នាំ​​ចាប់តាំងពីឆ្នាំ១៩៨៥ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

សូម​បញ្ជាក់ថា នៅក្នុងផ្នែកមួយនៃអារម្ភកថា នៃសៀវភៅនោះ អ្នកនិពន្ធបាន​សរសេរ​ថា “ថ្វីដ្បិតតែប្រទេសកម្ពុជាជាប្រទេសតូច មានសេដ្ឋកិច្ច​​មិន​ធំ​ដូច ប្រទេសមួយ​ចំនួន​នៅ​ក្នុង​តំបន់ និងនៅក្នុង​ពិភព​​លោក​​ក៏​ដោយ ក៏ សម្តេចតេជោ ប្រមុខ​រាជរដ្ឋា​ភិ​បាល​​កម្ពុជា​ បាន​​ប្រើ​​ប្រាស់​​​​​កម្លាំង​​ និងមធ្យោបាយសរុប រួម​ទាំងរឹតបន្តឹងវិន័យ ក៏​ដូចជាការអនុវត្ត​ច្បាប់ និង​​ធ្វើ​ទំនាក់​​ទំនង​​ល្អ​ រួម​ទាំង​ការ​រៀប​ចំ​​​យុទ្ធសាស្រ្ត​ ច្បាស់​លាស់​​​​ត្រៀម​ទុកជាមុន ទើប​​ធ្វើឱ្យ​ប្រទេស​​​​ទទួល​បាន​ជោគ​ជ័យ​ នៅ​ក្នុង​ការ​ទប់​ស្កាត់​​ការរីក​រាល​ដាល ទ្រង់ទ្រាយធំ​​នៃ​ការ​ឆ្លង​​ជំងឺ​​សាកល​​នេះ”។

សំណេរបន្តថា “ពិតជាមិនអាចប្រកែកបានទេដែលថា រាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំ​ដោយ​ សម្តេចអគ្គ​មហា​​​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​ក្រសួង ​ស្ថាប័ន​រដ្ឋ កង​កម្លាំង​ប្រដាប់អាវុធ រួម​​​ទាំង​កាក​បាទ​ក្រហម​កម្ពុជា ក្រុមគ្រូពេទ្យស្ម័គចិត្ត​សម្តេចតេជោ (TYDA)​ និង​សម្ព័ន្ធក្រុមគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជាផង​ បាន​ពួត​ដៃ​​សាមគ្គីគ្នា​​​ក្នុង​​គ្រា​ដ៏​លំបាក ដើម្បី​ធ្វើ​យ៉ាង​ណា​​សង្រ្គោះ​ជីវិត​មនុស្ស​ ក្នុង​ដំណាក់​កាល​នៃ​ជំងឺ​រាត​ត្បាត។

បើតាមលោក ឆាយ សុផល បានឱ្យដឹងថា ក្រៅពីតែ​ការ​ពិពណ៌​នា​​​អំ​ពី ​​សកម្ម​ភាព​របស់​ប្រទេស ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​ដ៏​កាច​​សាហាវ​នេះ ព្រឹត្តិការណ៍​នយោ​បាយ​នៅ​ក្នុង​ប្រទេស តំបន់ និងអន្តរជាតិ​ខ្លះៗ​ រួម​ទាំង​ការ​​​អភិវឌ្ឍ​ផងដែលពាក់ព័ន្ធ នឹងកម្ពុជា​​ក្នុង​កាលៈ​ទេសៈ​​​ នៃ​ការរាតត្បាត​ជំងឺ​កូវីដ-១៩ ក៏​ត្រូវ​​បាន​​បញ្ចូល​នៅក្នុ​ង​ កំណត់​ត្រា​នេះ​​ដែរ។

ព្រឹត្តិការណ៍​នយោបាយរួមមាន វិសោធនកម្មរដ្ឋធម្មនុញ្ញ​បិទ​តំណែង ​កំពូល​សម្រាប់​ខ្មែរ​​​មាន​សញ្ជាតិ​លើសពីមួយ, បក្ខជននាយករដ្ឋមន្រ្តីរបស់ គណបក្ស​ប្រជាជន​កម្ពុជា, បញ្ហា​​​កម្ពុជា និង អាម៉េរិក-ចិន, បញ្ហាកម្ពុជា មីយ៉ានម៉ា និង អាស៊ាន-ចិន ព្រម​ទាំង​សន្តាន​ចិត្ត​ចែក​រំលែក ​របស់កម្ពុជាដល់​បរទេស​ផង។ នេះ​បើ​តាម​ការ​រៀប​រាប់​ពីលោក ឆាយ សុផល។

សូម​​​​រម្លឹកថា សៀវភៅភាគ១ មានកម្រាស់ជិត ៩០០ទំព័រ រៀបរាប់​ពី​ព្រឹត្ត​ការណ៍​កូវីដ​-​​១៩​​ (ខែធ្នូ ២០១៩- ១ សីហា ឆ្នាំ២០២១) បានចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ សៀវ​​ភៅ​ភាគ​២ មាន​​កម្រាស់​​​​ជាង ​៨០០ទំព័រ រៀបរាប់បន្តពីថ្ងៃទី១ ខែសីហា មក​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០២១ ជា​ពេល​វេលា​ដែល​ ប្រមុខ​រាជ​រដ្ឋាភិ​បាល​បាន​បិទ​បញ្ចប់​​ព្រឹត្តិ​ការណ៍​សហ​គមន៍​​ ២០កុម្ភៈ ឆ្នាំ​២០២១។

សៀវភៅនេះត្រូវបានបោះពុម្ព ជា​បឋម​ចំនួន​ ៥​ពាន់​ច្បាប់ ដោយ​ក្នុងមួយច្បាប់ក្នុងតម្លៃជាង​ ១៤​ដុល្លារ។ បើ​តាមលោក ឆាយ សុផល សៀវភៅនេះ ក្រៅពីមានលក់ខ្លះនៅតាមបណ្តាគារ ក៏យកទៅចែកជូននៅបណ្ណាល័យជាតិ និងបណ្តាល័យនៃ សកលវិទ្យាល័យរដ្ឋ និងឯកជនក្នុងរាជធានីខេត្តផងដែរ ៕

To Top