ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសជួបលើកទឹកចិត្ត សិស្សជាប់ចំណាត់ថ្នាក់ និទ្ទេសA

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជួបបេក្ខជន ដែលប្រឡងបាក់ឌុបជាប់និទ្ទេសA ទាំងអស់ ដែលឆ្នាំនេះមានរហូតដល់១៧៥៣នាក់។ ចំពោះពេលវេលានិងទីតាំង នៃការជួបនេះ សម្ដេចតេជោ ពុំទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ ។

សូមរំលឹកថា បើតាមក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា «បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន៦៨.៦២%) ក្នុងនោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន៤៤៣ នាក់) និទ្ទេសB មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់) និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន៥៨៤៧ នាក់) និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន១៤ ១០០ នាក់) និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)»។

នៅលើគេហទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរចំពោះចៅៗដែលបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំង អស់នៅទូទាំងប្រទេស»។

សម្ដេចបន្តថា «ខ្ញុំសូមកោតសរសើរចំពោះចៅៗ ដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ ដែលឆ្នាំនេះមានរហូតដល់១៧៥៣នាក់»។

សម្ដេចបញ្ជាក់ថា «ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱ្យជាប់ទាំងអស់គ្នាដោយគ្មាន និទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំនិង ជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្រ
រហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាម ក្រោយតាមរយៈរដ្ឋមន្ត្រីហង់ ជួនណារ៉ុន»៕

To Top