ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើន ការយល់ដឹង ឱ្យបានច្បាស់លាស់ នូវរបត់នៃភូមិសាស្ត្រនយោបាយ ក្នុងតំបន់ និងសកលលោក

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាស សមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា៖ យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹង ឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាន នូវការថែរក្សាការពារសុខសន្តិភាព នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។

លោកបានធ្វើការរំលឹកថា គណៈបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ ពលរដ្ឋកម្ពុជា បានចំនួនបីដងធំៗមរួចមកហើយ រួមមាន ទីមួយ ការរំដោះប្រជាពលរដ្ឋ​ ចេញពីការសម្លាប់រង្គាល របស់របបប៉ុលពត ទីពីរ ការជួយពលរដ្ឋឱ្យចាកចេញ ពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញ ពាសពេញផ្ទៃប្រទេស និងទីបី ការយកឈ្នះលើសមរភូមិកូវីដ-១៩ ដែលបានឆក់យកជីវិត ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈពេលដ៍ខ្លី ដោយសម្តេចតេជោ បានធ្វើការសម្រចចិត្ត ជាយុទ្ធសាស្ត្រត្រឹមត្រូវ តាមរយៈការពិចារណា វិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការ ប្រទេសឡើងវិញ លើគ្រប់វិស័យ ព្រមទាំងបន្តស្រោចស្រពវ៉ាក់សាំងដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិត ប្រជាពលរដ្ឋ ពីជំងឺដ៏កាចសាហាវនេះ។ ទាំងនេះ គឺជាសម្មិទ្ធិផល ដ៍មិនអាចកាត់ថ្លៃពុំបាន ដែលប្រមុខដឹកនាំគណៈបក្សប្រជាជន និងសមាជិក សមាជិកា បានខិតខំប្រឹងប្រែង លើសពីការងារស្នូលរបស់ខ្លួន ក្នុង បុព្វហេតុការពារអាយុជីវិតពលរដ្ឋ ធានាបាននូវភាពសុខសាន្ត ជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

លោកប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតសរសើរនូវគំរូវីរភាព របស់ យុវជន ជំនាន់ មុន ដែលជាគំរូ ពោរពេញដោយភាពអំណត់ អត់ធន់ ព្យាយាម និងក្តីសង្ឃឹម ព្រមទាំងមានចក្ខុវិស័យ និងការផ្តួចផ្តើមខ្ពស់ ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹត បែកបាក់ ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំ ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះ ជាយុវជនជំនាន់ ក្រោយ ត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាព ដ៏ប្រពៃថ្លៃថ្លាល្អផូរផង់ នៃអ្នកដឹកនាំជំនាន់មុន ដើម្បីពង្រឹង និងពង្រីកចក្ខុវិស័យ ក្នុងការលើកកម្ពស់នូវសមត្ថភាព ប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុ របស់គណបក្សបម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាន នូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជន៕

To Top