ព័ត៌មានជាតិ

ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា របស់អាស៊ាន នឹងយកឈ្នះ គ្រប់ឧបសគ្គ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ភាគីទាំងពីរ បានបង្ហាញ នូវសុទិដ្ឋិនិយម លើអនាគតរបស់អាស៊ាន ទោះបីជាកំពុងប្រឈម នឹងបញ្ហាមួយចំនួនក្តី ប៉ុន្តែស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់អាស៊ាន នឹងយកឈ្នះរាល់គ្រប់ឧបសគ្គ។

ការលើកឡើងបែបនេះ ស្របពេលដែលកម្ពុជា បានផ្ដួចផ្ដើមគំនិត កែលម្អរស្ថានការណ៍ នយោបាយ នៅប្រទេសមីយ៉ាន់ម៉ា ដែលមានភាពតានតឹង កាន់តែខ្លាំង ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានសូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ប្រាក់ សុខុន បានសរសេរយ៉ាងដូច្នេះថាលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការ ចំនួន៥ថ្ងៃ នៅកម្ពុជា។ បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយសម្តេចតេជោនា​យករដ្ឋមន្ត្រី នៅព្រឹកមិញនេះ ខ្ញុំក៏បានទទួលឯកឧត្តម​ នៅទីស្តីការក្រសួង និងរៀបចំអាហារថ្ងៃត្រង់ ជូនគាត់ក្រោយជំនួប។

ប្រមុខការទូតកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរ បានពិភាក្សាលើបញ្ហាមួយចំនួន ខណៈដែលកំពុងត្រៀមរៀបចំ កិច្ចប្រជុំអាស៊ានធំៗ នាពេលខាងមុខ នេះ។

ក្នុងនាមជាប្រធានអាស៊ាន លោក ប្រាក់ សុខុន បានជម្រាបអគ្គលេខាធិការអាស៊ាន អំពីអាទិភាព និងលទ្ធផលគ្រោងទុកសំខាន់ៗ របស់អាស៊ាន ហើយលោក ក៏រីករាយដែលបានទទួលការគាំទ្រ យ៉ាងពេញទំហឹង​ ពីអគ្គលេខាធិការអាស៊ាន។

លោក ប្រាក់ សុខុន បញ្ជាក់ថា «ភាគីទាំងពីរ បន្តមានសុទិដ្ឋិនិយម លើអនាគតរបស់អាស៊ាន ទោះបីជាកំពុងប្រឈម នឹងបញ្ហាមួយចំនួនក្តី ពីព្រោះយើង ដឹងច្បាស់ថាស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់អាស៊ាន នឹងយកឈ្នះរាប់គ្រប់ឧបសគ្គ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top