ព័ត៌មានជាតិ

លោក សាម អ៊ីន ៖ បទពិសោធន៍នៅភូមា បានបង្រៀនយើងថា ការកសាងប្រជាធិបតេយ្យ ត្រូវការពេលវេលា និងភាពអត់ធ្មត់ (Video)

ភ្នំពេញ ៖ លោក សាម អ៊ីន អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន(គ ប ម) បានលើកជាមតិពីបទពិសោធន៍ នៅប្រទេសភូមា ឬមីយ៉ាន់ម៉ាថា បទពិសោធន៍ នៃប្រទេសដែលបានធ្វើរដ្ឋប្រហារ ធ្វើឲ្យមានបញ្ហាវឹកវរនេះ បានបង្រៀនថា ការកសាងប្រជាធិបតេយ្យ ពិតជាមិនងាយស្រួលទេ គឺត្រូវការពេលវេលា និងភាពអត់ធ្មត់យ៉ាងខ្លាំង ។

ជាក់ស្តែងប្រទេសភូមា នាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យប្រជាជន ស្ថិតក្នុងភាពភ័យខ្លាច ដោយសារតែភាពវឹកវរ ដែលបានកើតឡើងពីរដ្ឋប្រហារ ទម្លាក់លោកស្រី អ៊ុង សានសូជី ចេញដំណែងដោយមេយោធា មីន អ៊ុងឡាំង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ។

លោក សាម អ៊ីន បានលើកឡើងក្នុង ហ្វេសប៊ុកនាថ្ងៃ១៨ មករា ថា “បទពិសោធន៍នៅភូមា បានបង្រៀន យើងថា ការកសាងប្រជាធិបតេយ្យ ត្រូវការពេលវេលា និងភាពអត់ធ្មត់ ហើយសន្តិភាព និងស្ថិរភាពនយោបាយ ត្រូវស្ថិត នៅជាកត្តាចម្បងទី១ ។ ការកសាងប្រជាធិបតេយ្យ នៅកម្ពុជា មិនត្រូវទៅលឿនទាំងគំហុក ជាមួយនយោបាយបណ្តុះកំហឹង និងការស្អប់ខ្ពើមបានទេ ពីព្រោះវាអាចក្លាយជា ចលករដ៏គ្រោះថ្នាក់ ក្នុងការបំផ្លាញ ស្ថិរភាពដ៏ផុយស្រួយ នៃនយោបាយកម្ពុជា”

ប៉ុន្តែទោះបីជាយ៉ាងណា លោកបានលើកសរសើរពីលក្ខណៈសម្បត្តិប្រជាជន និងប្រវត្តិសាស្រ្តកម្ពុជាថា សមស្របល្អនឹងគុណតម្លៃ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសហគ្រិនសេរី ។

លោកក៏ផ្តាំផ្ញើទៀតថា តែកម្ពុជាក៏ត្រូវអភិវឌ្ឍន៍ខ្លួន ទៅរកទិសដៅនៃគុណតម្លៃល្អ ប្រពៃទាំងនេះ ហើយចៀសវាង ការវិលថយក្រោយ ទៅរកសក្តិភូមិចាស់គំរិល អភិបាលកិច្ចបែបឯកបក្ស និងការរារាំងការប្រកួតប្រជែង សហគ្រិនភាពសេរី៕

To Top