ព័ត៌មានជាតិ

អ្នកតវ៉ាបញ្ហាដីធ្លី មកពីសង្កាត់បឹងកក់២ ឯកភាពអនុវត្តន៍តាមគោលការណ៍ ណែនាំរបស់អាជ្ញាធរ

ភ្នំពេញ៖ ក្រោយបានស្តាប់ការពន្យល់បកស្រាយពី លោក មាន ចាន់យ៉ាដា និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ អ្នកតវ៉ាបញ្ហាដីធ្លីមកពីសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ប្រមាណ៣០នាក់ បានឯកភាពអនុវត្តន៍តាមគោលការណ៍ណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ។

ក្នុងជំនួបនេះ អភិបាលរងទាំងពីររូប បានពន្យល់ ពីគោលការណ៍ និងចំណុចមួយចំនួន ដោយសូមឲ្យអ្នកតវ៉ាទាំងអស់ រក្សាស្ថានភាពដើមដដែល កុំមានការជ្រួលច្របល់ ព្រោះអាជ្ញាធរ មិនមានគោលការណ៍ ឬសេចក្តីណែនាំណាមួយ ឲ្យបងប្អូនចាកចេញ ពីទីតាំងដែលបងប្អូនកំពុងរស់នៅនោះទេ។

លោកអភិបាលរង បានលើកឡើងថា ក្នុងរយៈពេល ជាងពីរឆ្នាំកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចខណ្ឌ និងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ណាមួយ ដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ។

ក្នុងនោះដែរ លោកអភិបាលរងទាំងពីរ បានលើកឡើងទៀតថា អភិបាលរាជធានីភ្នំពេញ តែងប្រកាន់យក គោលការណ៍ សិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះ ក៏ទទួលបានជោគជ័យជាច្រើនទីតាំង រួចមកហើយដែរ។ ម៉្យាងទៀតការពិភាក្សារកដំណោះស្រាយ ត្រូវមានភាគីពាក់ព័ន្ធ មានអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋ ដោយពិភាក្សាត្រង់ទៅត្រង់មក លើខ្លឹមសារដែលមិនប៉ះពាល់ ផលប្រយោជន៍ប្រជាពលរដ្ឋ ម៉្យាងទៀតប្រសិនបើបងប្អូន មានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ ពីគំរោងអភិវឌ្ឍន៍ណាមួយនោះ បងប្អូនគួរតែធ្វើលិខិត មកសាលារាជធានីភ្នំពេញ ឬក៏ចាត់តំណាង មកពិភាក្សារកដំណោះស្រាយ ដោយការយោគយល់គ្នា ។ ការដោះស្រាយ ក៏មិនអាស្រ័យលើការញុះញង់បំផុសបំផុល ពីជនអគតិណាមួយ ដែលធ្វើឲ្យខូចប្រយោជន៍ បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់ នៅពេលនេះអាជ្ញាធររាជធានីភ្នំពេញ មិនមានផែនការណាមួយ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅ របស់បងប្អូននោះឡើយ។

ក្រោយពីបានស្ដាប់ការបកស្រាយពន្យល់ ពីលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា រួចមក បងប្អូនប្រជាពលរដ្ឋ ដែលមកតវ៉ា ដល់សាលារាជធានីភ្នំពេញ បានយល់ដឹងនិងសន្យា អនុវត្តតាមគោលការណ៍ណែនាំ ដូចខាងលើនេះ ដោយបងប្អូនយល់ថា រឿងហេតុកើតឡើងយ៉ាងណានោះ គ្មាននណាអាចមកដោះស្រាយបាន ជំនួសអាជ្ញាធរ និងប្រជាពលរដ្ឋនោះឡើយ៕

To Top