ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់បណ្ដារដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន ថា កម្ពុជាកំពុងពិចារណា លើការកសាងផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញ ទៅប្រទេសថៃ និងពីភ្នំពេញ ទៅប្រទេសវៀតណាម ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយបណ្ដារដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន ដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និង មានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហា នៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ របស់កម្ពុជា ក៏ដូចជាទេសចរណ៍ ក្នុងតំបន់អាស៊ានផងដែរ។ សម្ដេចថា ជាក់ស្ដែងមុន ពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរ ប្រមាណជា ៦លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ ភ្ញៀវទេសចរអន្តរជាតិ បានធ្លាក់មកត្រឹម ២ម៉ឺននាក់ប៉ុណ្ណោះ ។
សម្ដេចតេជោ បានគូសបញ្ជាក់ ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលឆ្នាំ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១ កន្លងទៅបានឡើងជាង ៣% ឯណោះខណៈធនាគារពិភពលោក បានទស្សន៍ទាយថា អាចកើនឡើងបានប្រមាណ ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើង រហូតដល់ជាង ៣% ឯណោះ។
សម្ដេចតេជោ បានជម្រាបជូនបណ្ដា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះរាជរដ្ឋាភិបាល ក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែកឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។
សម្ដេចតេជោ បានគូសបញ្ជាក់អំពីការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគបន្ថែមលើការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជាបានចាយថវិកាមួយចំនួន ក្នុងការកសាងបន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។
សម្ដេចតេជោថ្លែងថា «យើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿន នៅពេលខាងមុខពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយកំពុងពិចារណាលើ ការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាម នៅពេលអនាគត» ។
ក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ផងដែរថា ការប្រជុំនៅខេត្តព្រះសីហនុ សម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ គឺបានបញ្ជូនសារសំខាន់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ ក្នុងអាស៊ានឡើងវិញ ក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថា វិស័យទេសចរណ៍អាស៊ាន បានបើកឡើងវិញហើយ ។
លោកបន្តថា ការងារអាទិភាព របស់កម្ពុជាឆ្នាំនេះ ក្នុងក្របខណ្ឌវិស័យទេសចរណ៍ គឺ ជំរុញធ្វើយ៉ាងណាឲ្យ សេដ្ឋកិច្ចអាស៊ាន ងើបឡើងវិញ ហើយវិស័យ ទេសចរណ៍នេះ គឺអាចចូលរួមក្នុង ការអនុវត្តនូវ គំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការ ជួយជម្រុញសេដ្ឋកិច្ចអាស៊ាន ក្នុងការពង្រឹងវិស័យ ទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីព លើវិស័យទេសចរណ៍នេះ ។
អគ្គលេខាធិការអាស៊ាន បានសន្យាជាមួយ សម្ដេចតេជោថា នឹងធ្វើការងារជាមួយនិងវិស័យពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាខិតខំជំរុញ ឲ្យវិស័យទេសចរណ៍ កំរើកឡើងវិញ ៕