ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានឯកភាពផ្តល់ថវិកា សរុបចំនួន៧២៨,៥០១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយ ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅ រដ្ឋាភិបាលជប៉ុន។
យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ថវិកា ១២៥,០១២ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិ សម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្ត “គម្រោងសម្រាប់សល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី៣)” ថវិកា ២០០,៩០៦ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិជប៉ុន (PHJ) ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ៣)” និងថវិកាចំនួន ៤០២,៥៨៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីអនុវត្ត “គម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សាតាមរយៈការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង“។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងបី បានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណ ចំពោះអង្គការទាំងបី ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលជប៉ុន។ ខណៈពេលដែលគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់ នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយ សម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែក ក្នុងការកែលម្អគុណភាពជីវិត នៅក្នុងបណ្តាខេត្តនានា។
លោកទូតជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិត របស់ប្រជាជនដែលរស់នៅ ក្នុងទីតាំងគម្រោងនីមួយៗ៕