ព័ត៌មានជាតិ

មេសម្ព័ន្ធសហជីព ស៊ីខៅឌូ ស្នើសុំសម្ដេចតេជោ ជួយអន្តរាគមន៍ដោះស្រាយ បញ្ហាវិវាទការងារ២៣រោងចក្រ

ភ្នំពេញ ៖ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទការងារដែលជាប់គាំងចំនួន២៣រោងចក្រ ជាសមាជិកសម្ព័ន្ធសហជីពរបស់ខ្លួន ។

តាមរយៈលិខិតផ្ញើជូនសម្ដេចតេជោ ធ្វើឡើងកាលពីថ្ងៃទី១៨ មករា លោក គង់ អាទិត្យ បានថ្លែងថា បច្ចុប្បន្នលោកអង្កេតឃើញរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គួរឲ្យកត់សម្គាល់លើសិទ្ធិ និងលក្ខខណ្ឌការងារមួយចំនួន របស់កម្មករនិយោជិត ។ លើសពីនេះ ជីវភាពរស់នៅ និងកិច្ចគាំពារសង្គមរបស់កម្មករនិយោជិតក្នុងវិស័យមួយចំនួន គឺមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ផងដែរ ។

លោកបន្តថា ដោយឡែក ក្នុងសកម្មភាពការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតកន្លងមក មាននិយោជកមួយចំនួន បានរំលោភបំពាន និងមិនអនុវត្តច្បាប់ព្រមទាំងបានធ្វើឲ្យវិវាទការងារ ជាប់គាំងជាច្រើនឆ្នាំ។ នាពេលកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការសម្របសម្រួលជាច្រើនលើកច្រើនសារ ប៉ុន្តែមិនទាន់មានការដោះស្រាយណាមួយសះជានៅឡើយទេ។ ស្ថិតក្នុងបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ កម្មករនិយោជិតដែលជាប់បណ្តឹងទាំង ២៣ រោងចក្រ មិនមានការងារធ្វើដែលធ្វើឲ្យប៉ះដល់ជីវភាពគ្រួសាររបស់ពួកគាត់យ៉ាងខ្លាំង។

មេសម្ព័ន្ធសហជីពស៊ីខៅឌូ បញ្ជាក់ថា «ហេតុដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូមគោរពស្នើសុំសេចក្ដីអនុគ្រោះ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី អន្តរាគមន៍ដោះស្រាយវិវាទការងារ ដែលជាប់គាំងទាំង ២៣រោងចក្រ ដែលជាសមាជិកសហជីព សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ដែលមានបញ្ជីឈ្មោះរោងចក្រ និងករណីវិវាទការងារនីមួយៗភ្ជាប់ជូន ដោយឲ្យបានចូលធ្វើការងារវិញ និងរំលឹកប្រាក់ឈ្នួល ព្រមទាំងអត្ថប្រយោជន៍ផ្សេង ចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការងារវិញ» ៕

To Top