ព័ត៌មានជាតិ

ក្រុមហ៊ុន កូកា កូឡា កម្ពុជា បន្តផ្តល់ទឹកស្អាតដល់សហគមន៍ ក្នុងខេត្តកំពង់ចាម

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១៣០០នាក់នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។

នេះគឺជាប៉មចម្រោះទឹកស្អាត Aqua Towers ទី១ ដែលត្រូវបានដំឡើងក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃគម្រោង AquaTower បន្ថែមពីលើប៉មចម្រោះទឹកចំនួន ៣១ផ្សេងទៀតដែលត្រូវបានដាក់អោយដំណើរការរួចហើយនៅទូទាំងប្រទេសកម្ពុជាគិតចាប់ពីឆ្នាំ២០១៦មក។

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្រោមការសហការជាមួយនឹងមូលនិធិ Planet Water មានគោលបំណងផ្តល់លទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាព ព្រមទាំងកន្លែងលាងសម្អាតដៃដល់ប្រជាជនប្រហែល ១២.៦០០នាក់ក្នុងមួយថ្ងៃ ដោយផ្តោតលើកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ លើសពីនេះទៀត គម្រោងនេះមានគោលបំណងជំរុញការផ្លាស់ប្តូរឥរិយាបថពាក់ព័ន្ធនឹងការលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងការថែរក្សាអនាម័យផ្ទាល់ខ្លួនសម្រាប់សិស្សានុសិស្សក្នុងចំនួនរហូតដល់ ៤.៦៥៥នាក់ ព្រមទាំងបង្កើនការចូលរួមរបស់សហគមន៍ ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងលទ្ធភាពទទួលបានទឹកស្អាត។

បន្ទាប់ពីដំឡើងប៉មជម្រោះទឹកស្អាត AquaTower រួច ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ប៉មចម្រោះទឹកស្អាតនេះជូនលោក លាង រុន នាយកវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ពីសំណាក់លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មានប្រសាសន៍ថា៖ «ការបង្កើនផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ពិតជាអាចជំរុញកំណើនសេដ្ឋកិច្ចនិងការរីកចម្រើនរបស់សង្គមជាតិ និងអាចរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្នុងនាមជាប្រជាពលរដ្ឋឃុំគរ នៃស្រុកព្រៃឈរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា និង ក្រុមការងារស្ម័គ្រ សម្រាប់ AQUATOWER តាមរយៈគំនិតផ្តួចផ្តើមទឹកស្អាតរបស់កូកា-កូឡា វានឹងធានាថាកុមារនៅទីនេះនៅក្នុងស្រុកព្រៃឈរនឹងធំឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អជាមួយនឹងទឹកស្អាត និងសុវត្ថិភាព។»។

លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា៖ «ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់នៅត្រឹមតែការតំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ។ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ ឆ្នាំ ក្រោយការដំឡើងនេះ។ »។

លោក Arup Sinha Roy បន្ថែមថា៖ «នៅក្រុមហ៊ុនកូកា-កូឡាកម្ពុជា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)គឺជាចក្ខុវិស័យរបស់យើងដែលបានផ្សាភ្ជាប់ទៅនឹងរបៀបដែលយើងប្រតិបត្តិការអាជីវកម្ម។ កត្តាប្រាក់ចំណេញមានសារៈសំខាន់ ប៉ុន្តែមិនមែនមានតែកត្តានេះតែមួយមុខទេ។ កត្តាធនធានមនុស្ស និងការយកចិត្តទុកដាក់ទៅលើភពផែនដីរិតតែសំខាន់។ ហើយនោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើម ESG របស់យើងគឺផ្តោតលើការបង្កើតអាជីវកម្មប្រកបដោយចីរភាពជាងមុន និងផ្តល់នូវអនាគតរួមគ្នាកាន់តែប្រសើរ ដោយបង្កើតភាពខុសគ្នាជាវិជ្ជមានអំពីការរស់នៅរបស់ប្រជាជន សហគមន៍ និងភពផែនដីរបស់យើង។ ចក្ខុវិស័យនេះបង្កើតអោយមានសសរស្តម្ភធំៗចំនួន៥រួមមាន៖ ពិភពលោកគ្មានសំរាម ការផ្តល់ទឹកស្អាតត្រលប់ទៅសហគមន៏វិញ ការផ្តល់ភាពអង់អាចដល់ស្រ្តី អាកាសធាតុ និងសុខុមាលភាពសហគមន៍»។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយមូលនិធិ Planet Water ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនបានដំឡើងប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan ចំនួន ៣១កន្លែងសម្រាប់ប្រជាជន ៥៥.០០០នាក់ក្នុងសហគមន៍ជនបទដាច់ស្រយាលនិងខ្វះខាតទឹកក្នុងខេត្តចំនួន១៦។ នៅឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងដំឡើងប៉មចម្រោះទឹកនិងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកចំនួន ៩ទៀតនៅតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់។ ជាមួយនឹងការដំឡើងបន្ថែមទាំងនេះ នឹងបម្រើជាប្រយោជន៏ដល់សហគមន៍នានានៅទូទាំង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា៕

អំពីក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា

ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ CBC មានមោទនភាពក្នុងនាមជាអ្នកផលិត ផ្គត់ផ្គង់ និងអ្នកចែកចាយទទួលបានសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន កូកា-កូឡា និងសម្រាប់ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុងប្រទេសកម្ពុជា។
CBC គឺជារោងចក្រថ្មីបំផុតរបស់ក្រុមហ៊ុនកូកា-កូឡា នៅក្នុងតំបន់អាស៊ី។ រោងចក្រនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្របដណ្ដប់លើផ្ទៃដី ១២,៥ ហិកតា ហើយមានទំហំធំជាងទីតាំងចាស់រហូតដល់ទៅ ១០ ដង។
រោងចក្រថ្មីនេះបានជួយបង្កើនសមត្ថភាពផលិតរបស់យើងបានច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់ក្នុងស្រុករបស់យើង នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងកញ្ញា សម្បត្តិ មុនីវល័ក្ខ ប្រធានប្រចាំប្រទេសទទួលបន្ទុកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh ឬលេខទូរស័ព្ទ +៨៥៥ ៩៥ ៨៨៨ ៩៦៦

To Top