ព្រះសីហនុ៖ ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន់ បានលើកសរសើរចំពោះ សមត្ថភាពនៃការរៀបចំ ធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍អាស៊ាន (ASEAN Tourism Forum-ATF) លើកទី ៤០ នៅខេត្តព្រះសីហនុប្រកបដោយជោគជ័យ និងបង្ហាញឲ្យឃើញពី សមត្ថភាពនៃការគ្រប់គ្រង ការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសអូមីក្រុង ដែលកំពុងវាយប្រហារ នៅជុំវិញពិភពលោក។
លោក ធួន ស៊ីណាន់ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ជាថ្ងៃបិទបញ្ចប់នៃវេទិកាទេសចរណ៍ ថាការរៀបចំនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់កម្ពុជាផ្ទាល់ ក៏ដូចជាអាស៊ានទាំងមូល ដែលបណ្ដាប្រទេសទាំងអស់បានអញ្ជើញចូលរួម នៅក្នុងវេទិកាតំបន់ ដ៏មានសារសំខាន់នេះ។
លោក បានលើកឡើងថា “កម្ពុជាបំបែកឯកត្តកម្ម នៅក្នុងការរៀបចំព្រឹត្តិការណ៍ ជាអន្តរជាតិថ្នាក់តំបន់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ តារារះទិសនិរតី”។ “វេទិកានេះទៀតសោត ក៏បានផងដែរថា កម្ពុជា មានសុវត្ថិភាព ក្នុងការធ្វើដំណើរទេសចរណ៍វ៉ាក់សាំង នៅក្នុងបរិបថកូវីដ១៩”។
លោក បានជំរុញឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ភ្នាក់ងារទេសចរណ៍ទាំងអស់ ចូលរួមលើកកម្ពស់ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទេសចរណ៍ នៅក្នុងតំបន់ ដូចពាក្យស្លោករបស់អាស៊ាន ដែលបាននិយាយថា “ជោគវាសនារួម ជោគវាសនាតែមួយ”។
លោក ស៊ីណាន់ ដែលប្រធានទីភ្នាក់ងារទេសចរណ៍ IMTC ផងដែរនោះ លើកឡើងយ៉ាងដូច្នោះ ដោយបានធ្វើការពន្យល់ថា បច្ចុប្បន្ននេះ ប្រទេសគោលដៅទេសចរណ៍ធំៗលើពិភពលោក ដូចជាចិន ឥណ្ឌា អឺរ៉ុប និងអាមេរិក នៅមិនទាន់មានភាពប្រាកដប្រជា សម្រាប់ការធ្វើដំណើរទេសចរណ៍ ក្រៅប្រទេសជាពិសេស មកកាន់បណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន និងកម្ពុជា ដូច្នេះមានតែការពង្រឹង ការធ្វើដំណើរទេសចរណ៍ នៅក្នុងតំបន់ ដែលមានប្រជាជនជាង ៦០០ លាននាក់នោះ ពិតជានឹងធ្វើឲ្យសេដ្ឋកិច្ចនិងទេសចរណ៍ នៅក្នុងតំបន់មួយនេះ មានភាពប្រសើរឡើងវិញ ជាពិសេស ជាការបង្ហាញឲ្យឃើញ នៅសាមគ្គីផ្ទៃក្នុងរបស់តំបន់អាស៊ាន ទាំងមូលផងដែរ៕
ដោយ៖ សយ សុភា