ព័ត៌មានជាតិ

ក្រុមប្រឹក្សា ទេសចរណ៍ម៉ាឡេស៊ី រំលេចគោលដៅ​ ទេសចរណ៍របស់ខ្លួន នៅក្នុង វេទិកាទេសចរណ៍អាស៊ាន​ នៅកម្ពុជា

ព្រះសីហនុ: អ្នកស្រី ពត រ៉ានី ប្រធានផ្នែកគ្រប់គ្រងទីផ្សារ នៃក្រុមប្រឹក្សា​ទេសចរណ៍​ម៉ាឡេស៊ី ប្រចាំស្ថានទូតម៉ាឡេស៊ី នៅកម្ពុជា បានលើកឡើងថា ក្រុមប្រឹក្សារបស់អ្នកស្រី ពិតជាមានមោទនភាព ក្នុងការចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF-ASEAN Tourism Forum) លើកទី ៤០ ដែលប្រព្រឹត្តធ្វើឡើង នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

អ្នកស្រី រ៉ានី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ ដោយកោតសរសើរខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍ទេសចរណ៍តំបន់ ដ៏មានសារសំខាន់នេះ ដែលបាននាំមកនូវការជួបជុំ ប្រតិបត្តិករទេសចរណ៍ទាំងអស់ នៅក្នុងតំបន់ ដើម្បីការជំរុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ នៅក្នុងតំបន់អាស៊ាន ដែលមានប្រជាជនជាង៦០០លាន់នាក់។

អ្នកស្រី ក៏បានលើកឡើងផងដែរថា ប្រទេសម៉ាឡេស៊ី បានបើកតំបន់ទេសចរណ៍របស់ខ្លួន សម្រាប់ភ្ញៀវទេសចរ ជាពិសេសកោះ ឡាំងកាវី ដែលជាតំបន់ទេសចរណ៍មួយ ដ៏ទាក់ទាញរបស់ម៉ាឡេស៊ី សម្រាប់ប្រជាជនកម្ពុជា និងប្រទេសនានា នៅជុំវិញតំបន់ និងពិភពលោក។

អ្នកស្រី បានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តណាស់ សម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ ទៅស្ថិតនៅក្នងដំណាក់កាល នៃការរីករាលដាលកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជា បានរៀបចំ និងបើកដំណើរការ ទៅដោយរលូន និងមិនមានវិជ្ជាមាន កូវីដ១៩ ណាមួយនោះទេ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយរលូនផងដែរ ហើយកម្មវិធីនេះ កើតឡើងមិនមែនសម្រាប់តែ ប្រជាជននិងប្រទេសខ្មែរ តែមួយនោះទេ តែជាការរួមចំណែកទាំងអស់គ្នារបស់អាស៊ានទាំងមូល ជាពិសេសម៉ាឡេស៊ីផងដែរ ក៏មានការសប្បាយចិត្ត សម្រាប់ការផ្លាស់ប្តូរដំណើរទស្សនកិច្ច កម្ពុជា និងម៉ាឡេស៊ី ម៉ាឡេស៊ី មកកម្ពុជា”។

អ្នកស្រី បានលើកឡើងថា​ “យើងចង់ជម្រាបជូនប្រជាជនកម្ពុជា ថាប្រទេសម៉ាឡេស៊ី បានបើកតំបន់ទេសចរណ៍របស់ខ្លួន នៅក្នុងកោះទេសចរណ៍ឡាំងកាវី”។

អ្នកស្រី បានមានប្រសាសន៍បន្ថែមថា “ទោះជាមានការជួបប្រជុំគ្នា តាមរយៈវិធីកូនកាត់ ដែលគេហៅជួបតាមអនឡាញក្តី និងដោយផ្ទាល់ក្តី កម្ពុជាអាចធ្វើបាន និងប្រកបដោយជោគជ័យ យើងចង់ប្រាប់អ្នកថា ម៉ាឡេស៊ីនិងកម្ពុជា គឺជាគោលដៅទេសចរណ៍ រវាងគ្នានិងគ្នា ហើយកុំភ្លេច ពេលដំណើរកំសាន្ត សូមនឹកដល់ម៉ាឡេស៊ី”។

ប្រតិភូទេសចរណ៍ម៉ាឡេស៊ី ដឹកនាំដោយ Datuk Wira Dr. Noor Zari bin Hamat រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង Datuk Musa Hj Yosof អគ្គលេខាធិការរងក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី និងដោយមាន ការចូលរួមពីសំណាក់ MHTC (Malaysia Health Tourism Councile), ITC (Islamic Center) CEB (Malaysia Convention & Exhibition Beurau) និង Sabah Tourism ផងដែរ៕

ដោយ៖ សយ សុភា

To Top