ភ្នំពេញ៖ រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំយ៉ាងជោគជ័យ នូវកិច្ចប្រជុំវាយតម្លៃ លើកដំបូងតាមរយៈវីឌីអូ ទៅលើភូតគាមអនាម័យ ត្រីប្រាកម្ពុជា ដែលនឹងនាំចេញ ទៅកាន់ប្រទេសចិន។
សូមរំលឹកថា ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមទុកជាមុនថា ត្រីប្រាខ្មែរ នឹងត្រូវច្នៃធ្វើជាម្ហូបអាហារ សម្រាប់ប្រជាជនចិនទាំងមូល ។
កិច្ចប្រជុំខាងលើនេះ គឺជាវិធានការដ៏សំខាន់មួយទៀត សម្រាប់ចិននិងកម្ពុជា ក្នុងការអនុវត្តការកុងសុងស៊ីស របស់ថ្នាក់ដឹកនាំទាំងពីរប្រទេស ក្នុងការពន្លឿននាំចេញ កសិផលកម្ពុជា ទៅកាន់ប្រទេសចិន។
កិច្ចប្រជុំវាយម្លៃតាមរយៈវីឌីអូលើកទី២ លើកសិផលកម្ពុជាដែលនឹងនាំចេញ ទៅកាន់ប្រទេសចិន នេះបានបង្ហាញពីប្រទេសទាំងពីរ ខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន និងការជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែងកាន់តែច្រើន។
យោងតាមការរៀបចំ កិច្ចការពាក់ព័ន្ធ ការវាយតម្លៃខាងលើនេះនឹងមានរយៈពេល៩ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៨ ខែមករាខាងមុខនេះ។ មន្រ្តីតំណាងស្ថានទូតចិន ប្រចាំកម្ពុជាអញ្ជើញចូលរួម ក្នុងដំណើរការទាំងស្រុង៕